ព័ត៌មានជាតិ

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព»

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព» ត្រូវបានប្រារព្ធធ្វើឡើង នៅសួនមានជ័យ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និលោកជំទាវ ។

ឯកឧត្ដមបណ្ឌិត ឡេ ច័ន្ទសង្វាត ទីប្រឹក្សាក្រសួងសុខា ភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា យោងតាមរបាយការណ៍របស់អង្គការ UNAIDS នៅឆ្នាំ២០១២ បានបង្ហាញថា នៅលើសកលលោកទាំងមូល មានអ្នកផ្ទុកមេរោគអេដស៍ ប្រមាណ ៣៤លាននាក់ ក្នុងនោះមនុស្សឆ្លងថ្មីមានប្រមាណ២លាននាក់ ក្នុងមួយឆ្នាំ និងមនុស្សប្រមាណ ១.៧លាននាក់ ក្នុងមួយឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារ ជំងឺអេដស៍ដ៏កាច់សាហាវនេះ ។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ឆ្លងតាមការសង្កេត អត្រាប្រេវ៉ាឡង់ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺ អេដស៍ សើស្បែក និងកាមរោគ បានបង្ហាញឲ្យឃើញថា នៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៨ មានប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍ អ្នកជម្ងឺ-អេដស៍ នៅលើមនុស្សពេញវ័យ ចាប់ពី១៥ ទៅ៤៩ ឆ្នាំ មានចំនួន១.៧% ហើយមានការថយចុះមកត្រឹម០.៧% នៅឆ្នាំ២០១៣ និងបានបន្តចុះមកនៅត្រឹម០.៦% នៅឆ្នាំ២០១៤ មកដល់ឆ្នាំ២០២២ នេះ ។ ដោយឡែកខេត្តបន្ទាយមានជ័យ មានការប៉ាន់ប្រមាណ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ប្រមាណ ៤,៦៩២នាក់ ក្នុងឆ្នាំ២០២២ ។

ឯកឧត្តមបានបន្តថា ការថយចុះនៃអត្រាប្រេវ៉ាឡង់ជំងឺអេដស៍នេះ បាទបង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ជាពហុវិស័យក្នុងការចូលរួមទប់ស្កាត់នូវការរីករាលដាលនេះ ហើយសម្រាប់ខេត្តបន្ទាយមានជ័យកន្លងមក ដោយមានកិច្ចសហការគ្នាយ៉ាងសកម្មរវាងស្ថាប័នរដ្ឋ អង្គការជាតិនិងអន្តរជាតិ ស្ថាប័នឯកជននានា យើងមានយុទ្ធសាស្ត្រធំៗ បីសំខាន់ គឺ វិធានការការពារ ការព្យាបាល ថែទាំ បន្តដល់អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ និងការគ្រប់គ្រងផ្នែកសម្របសម្រួល ។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១ ធ្នូ និងអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមប្ដេជ្ញាចិត្តឲ្យមោះមុតជាមួយអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឆ្ពោះទៅលុបបំបាត់ ការឆ្លងរីករាលដាលមេរោគអេដស៍ ឲ្យជោគជ័យនៅឆ្នាំ២០២៥ខាងមុខនេះ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button