ព័ត៌មានជាតិព័ត៌មានមិត្តខ្មែរ

ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចុះ ពិនិត្យសកម្មភាពចាក់វ៉ាក់សាំង ជូនកម្មករ កម្មការិនី ប្រមាណ ៦០០០នាក់ នៅសួនឧស្សាហកម្មសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ បងប្អូនកម្មករ កម្មការិនី នៅសួនឧស្សាហកម្មសំរោងធំ ស្រុកកៀនស្វាយ មានការសប្បាយរីករាយ និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេច បានយកចិត្តទុកដាក់មកលើកម្មករ កម្មការិនី ដែលបានផ្ដល់នូវលទ្ធភាព និងបានបញ្ជូនក្រុមគ្រូពេទ្យ ដើម្បីមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ពួកគាត់ ដល់រោងចក្រផ្ទាល់ និងបានសម្រួលដល់ពួកគាត់យ៉ាងច្រើន ដើម្បីទទួលបាននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានទាន់ពេលវេលា។

នេះជាការលើកឡើងរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង សុខាភិបាល ក្នុងឱកាសដែលលោកជំទាវ អញ្ជើញចុះ ពិនិត្យសកម្មភាពចាក់វ៉ាក់សាំង ជូនកម្មករ កម្មការិនី ប្រមាណ ៦០០០នាក់ នៅសួនឧស្សាហកម្មសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកកៀនស្វាយផងដែរ។

លោកជំទាវវេជ្ជបណ្ឌិត បន្តថា ភាគច្រើន បងប្អូនកម្មករ កម្មការិនី របស់យើងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ រួចហើយ ហើយនៅពេលនេះពួកគាត់បានស្ម័គ្រចិត្តមកទទួលយកនៅដូសទី៤ បន្ថែមទៀត ហើយក៏មានកម្មករ កម្មការិនីមួយចំនួនទៀត មកទទួលវ៉ាក់សាំងដូសទី៣ ផងដែរ និងមានមួយចំនួនតិចបំផុត ពួកគាត់មកទទួលវ៉ាក់សាំងដូសទី២ ដោយគាត់បានឆ្លើយថា គាត់មានជំងឺ និងមួយចំនួនទៀតគឺពួកគាត់មានផ្ទៃពោះ ហើយឥឡូវនេះពួកគាត់បានយល់ច្បាស់ និងបានអញ្ជើញមកទទួលនូវវ៉ាក់សាំងដូសជំរុញបន្ថែមទៀត។

នាឱកាសនោះដែរ លោកជំទាវវេជ្ជបណ្ឌិត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញមកទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស្របពេលដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  សម្ដេចបានដាក់ចេញនូវយុទ្ធសាស្ត្រដ៏ត្រឹមត្រូវមួយ គឺស្រោចស្រពវ៉ាក់សាំងដូសលើកទី៣ យ៉ាងតិច ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងបរិបទមួយ ដែលប្រមុខរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ មានការសម្រេចចិត្តថាប្រើប្រាស់ម៉ាស់ ឬមិនប្រើប្រាស់ម៉ាស់។ លោកជំទាវបន្ថែមថា ការសម្រេចចិត្តរបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះ គឺបងប្អូនបានយល់ច្បាស់ពីតម្រូវការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយអ្វីដែលសំខាន់ជាងនេះទៀត គឺបងប្អូនបានជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងយុទ្ធសាស្ត្រស្រោចស្រពការចាក់វ៉ាក់សាំង របស់ប្រមុខរាជរដ្ឋាភិបាលនៅពេលនេះ។

លោកជំទាវវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានរួមចំណែកនូវកម្លាំងរួម ក្នុងការផ្ដល់សេវាចាក់វ៉ាក់សាំងនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថាខេត្តកណ្ដាល បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ចាក់ដូសទី១បានចំនួន ១២៧.៨៣% ចាក់ដូសទី២ បាន១២៥.២៤%។
-ចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ចាក់ដួសទី១ បាន១០៩.១៤% ចាក់ដូសទី២ បាន ១១២.៦៣%។ ចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋ អាយុចាប់ពី៥ឆ្នាំឡើង បាន ៦១.៨៧%  ការចាក់វ៉ាក់សាំងជូនកុមារ អាយុចាប់ពី ០៦ ដល់ក្រោម ១២ឆ្នាំចាក់ដួសទី១ បាន១២៣.៩៨% ចាក់ដូសទី២ បាន ១១៩.៤១%។ ចាក់វ៉ាក់សាំងជូនកុមារ អាយុចាប់ពី ៥ឆ្នាំ ចាក់ដូសទី១ បាន ១៥០.៦៤% ចាក់ដួសទី២  ១២៧.៧៨%។ ចាក់វ៉ាក់សាំងជូនកុមារ អាយុចាប់ពី ៣ឆ្នាំឡើងដល់ក្រោម ៥ឆ្នាំ ចាក់ដួសទី១ បាន៧៩.១៥%  ចាក់ដួសទី២ បាន ៤៥.៨៩%៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button