ព័ត៌មានជាតិ

អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ជនជាតិថៃ ម្នាក់ទៅសាលាដំបូងខេត្ត ពាក់​ករណី ផលិត ឬធ្វើច​រាចរណ៍ អាវុធគ្រឿងផ្ទុះ និងគ្រាប់រំ​សេវគ្រប់ប្រភេទ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំ​ដោយលោ​កវរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង ១០និង៥៣នាទី ថ្ងៃទី

១៩ ខែធ្នូ ឆ្នាំ២០២២ បានចុះប្រតិបត្តការបង្ក្រាបនិងឃា​ត់ខ្លួនជនជា​តិថៃម្នាក់ រួមនឹង​វត្ថុតាងមួយ​ចំនួន ពាក់ព័ន្ធករណីផលិត ឬធ្វើចរាចរណ៍ អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដែលបាន​ប្រព្រឹត្ត​កាលពីវេ​លាម៉ោង០២និង០០នាទី ថ្ងៃទី១៩ ខែធ្នូ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតនៅ​ភូមិក្បា​លស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជន​សង្ស័យមានឈ្មោះ អេក ណាក់ឡុង ស៊ីផាយ (ហៅខ្វាង) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិថៃ បច្ចុ​ប្បន្ន ស្នាក់នៅបន្ទប់ជួលអគារJ៩ បន្ទប់លេខ ២០៤ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ វត្ថុតាងចាប់បាន រួមមាន ៖ កាំភ្លើងកែច្នៃបាញ់គ្រាប់ពិត ចំនួន០១ដើម,​គ្រាប់​កាំភ្លើង(គ្រាប់ពិត) ចំនួន០១គ្រាប់, ដែករណា​ដងជ័រ ពណ៌ស ខ្មៅ ប្រវែង៥៣សង់ទីម៉ែត្រ ចំនួន​០១ដើម។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា កម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់​ឃា​ត់ខ្លួនជន​សង្ស័យខាងលើនេះ បន្ទាប់ពីទទួលបានព័​ត៌មានពីសន្តិសុខរាយកា​រណ៍មកថា បាន​ប្រទះឃើញ​កាំភ្លើងកែច្នៃចំនួន​០១ដើម គ្រាប់កាំភ្លើង០១គ្រាប់ និងដែករណាបត់ចំនួន ០១ដើម ដែលជារ​បស់ជនសង្ស័យ(ជនជាតិថៃ) នៅចំណុចផ្សារទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរ​ជ្រៅ ក្រុងប៉ោយប៉ែត ភ្លាមនោះកម្លាំងអាវុធហត្ថក្រុង ក៏បានចុះ​ទៅដល់ក​ន្លែងកើត​ហេតុភ្លាមៗ និងបានធ្វើការឃាត់ខ្លួនជន​សង្ស័យ រួមទាំងចាប់យកវត្ថុតាង នាំមកកាន់មូលដ្ឋាន ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។ក្រោយសួរចម្លើយ ជនសង្ស័យជាជនជាតិថៃ បានសារភាពថា វត្ថុតាង ខាងលើពិតជារបស់ខ្លួនពិ​តប្រាកដមែន។ ដោយផ្អែកតាមចម្លើយសារភាព និងវត្ថុតាង ជាក់ស្តែង​កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនម​កបបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកង​រាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀលថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer