ព័ត៌មានជាតិ

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំពិធីឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តកំពត

ស្នងការដ្ឋាននគរបាលខេត្តកំពត៖ នារសៀលថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ រៀបចំពិធីឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តកំពត សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។ កិច្ចប្រនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយករង លោកស្នងការនគរបាលខេត្តកំពត លោកនាយ-នាយរងការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរង លោកអធិការក្រុង-ស្រុកទាំង ០៩ លោកអធិការរងទទួលការងារសេនាធិការ លោកនាយប៉ុស្តិ៍ទាំង៩៣ និងមន្រ្តីនគរបាលជាតិពាក់ព័ន្ធជំនាញជាច្រើនរូបទៀត។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានមានមតិស្វាគមន៍យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ដែលបានចូលរួមក្នុងពិធីប្រជុំឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តកំពត សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ។ ដោយសារតែជម្ងឺដ៏កាចសាហាវកូវីដ១៩ចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ នៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ បានកំពុងជួបបញ្ហានូវការរីករាលដាលនៃជម្ងឺកូវីដ១៩ ដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម សេដ្ឋកិច្ចកម្ពុជាផងដែរ ធ្វើឱ្យខកខានក្នុងការចុះធ្វើសវនកម្មអស់រយៈពេល២ឆ្នាំ។ ជាកិច្ចបន្តទៅទៀត ឯកឧត្តម អគ្គនាយក បានពាំនាំយកអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដល់ស្នងការដ្ឋាននគរបាលខេត្តកំពត និងមន្រ្តីនគរបាលជាតិ ព្រមទាំងវរសេនាតូចនគរបាលការពារព្រំដែន ដែលបានខិតខំបំពេញតួនាទីភារកិច្ច អស់ពីកម្លាំងកាយចិត្ត និងមានស្មារតីទទួលខុសត្រូវខ្ពស់ជូនជាតិ មាតុភូមិ។

 

ឯកឧត្តម អគ្គនាយក មានប្រសាសន៍បន្តទៀតថា ដោយមានការបញ្ជាផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបានចេញលិខិតបង្គាប់ការ នឹងបានប្រគល់ភារកិច្ចជូនអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចុះធ្វើសវនកម្មដោយផ្តោតលើការត្រួតពិនិត្យបុគ្គលិក ត្រួតពិនិត្យហិរញ្ញវត្ថុ និងត្រួតពិនិត្យទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ជាពិសេសត្រួតពិនិត្យលើការងារបុគ្គលិក ចំពោះការតែងតាំងឋានន្តរស័ក្តិទូទាំងប្រទេស ដែលមានអតីតភាពយូរ និងបានបំពេញភារកិច្ចល្អក្នុងអង្គភាព ឬក៏មន្ត្រីដែលឡើងឋានន្តរស័ក្កិខុសពីនីតិវិធីច្បាប់ ដើម្បីឱ្យស្របតាមបទបញ្ជាលេខ ០០៦ របស់កងកម្លាំងនគរបាលជាតិ។

 

បន្ថែមពីនេះទៀត ឯកឧត្តម អគ្គនាយក បានលើកពីតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងផ្តោតទៅលើបីចំណុចជាប្រព័ន្ធ គឺ១.ការគ្រប់គ្រង់បុគ្គលិក ២.ការគ្រប់គ្រងហិរញ្ញវត្ថុ ៣.ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការត្រួតពិនិត្យហានិភ័យដែលកើតឡើងក្នុងកិច្ចប្រតិបត្តិការរបស់សវនដ្ឋាននីមួយៗ និងដើម្បីចុះធ្វើសវនកម្មតាមផែនការប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ និងត្រួតពិនិត្យឡើងវិញនូវការតាមដាន ការអនុវត្តអនុសាសន៍កែលម្អ ដើម្បីឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

 

ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មបានថ្លែងអំណរអរគុណ ដល់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ស្នងការរង និងមន្រ្តីក្នុងអង្គពិធីទាំងមូល ដែលបានសម្របសម្រួលក្នុងកិច្ចការងារសវនកម្មនេះ ឱ្យមានភាពរលូន សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបិទកិច្ចសវនកម្មផ្ទៃក្នុង ចាប់ពីពេលនេះតទៅ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button