ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស

នាព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបង្កើតគណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស ដោយមានការអញ្ជើញចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូសន្និសីទ ពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស បានអាននូវសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបង្កើតគណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស ថា គណៈកម្មការអន្ដរក្រសួងនេះ មានសមាសភាពចំនួន ២១រូប ក្នុងនោះប្រធានចំនួន ១រូប ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុប្រធាន ចំនួន ៦រូប និងសមាជិក ចំនួន ១៤រូប។
ឯកឧត្តម បានបន្តថា គណៈកម្មការអន្តរក្រសួងនេះ បង្កើតឡើងក្នុងគោលបំណងដើម្បីដឹកនាំពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដើម្បីជំរុញការងារអធិការកិច្ចហត្ថពលកម្មបរទេស និងផ្សព្វផ្សាយគោលការណ៍ វិធានការពាក់ព័ន្ធនៅតាមសហគ្រាស គ្រឹះស្ថាន កាស៉ីណូ ក្លឹបកម្សាន្តនានា ដើម្បីគាំទ្រដល់ផែនការប្រតិបត្តិការបង្កើនការងារប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តម បានបញ្ជាក់ថា ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការនេះ មានសិទ្ធិចាត់ចែងប្រើប្រាស់មន្ដ្រីក្រោមឱវាទឱ្យចូលរួមបំពេញការងារតាមការចាំបាច់។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស បានធ្វើការប្ដេជ្ញាចិត្តបំពេញការងារធ្វើអធិការកិច្ចហត្ថពលកម្មបរទេសឱ្យមានប្រសិទ្ធិខ្ពស់ផងដែរ។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងមហាផ្ទៃ សូមសម្ដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចនានា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត បានខិតខំប្រឹងប្រែងចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនាពេលកន្លងមក សំដៅពង្រឹងការអនុវត្តច្បាប់ការងារ នៅព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី បានណែនាំអំពីរបៀបរបបធ្វើការងារ ក្នុងពេលបំពេញបេសកម្មការងារនេះ សម្តេចបានណែនាំដល់គណៈកម្មការអន្ដរក្រសួង ត្រូវជំរុញ និងត្រួតពិនិត្យការងារធ្វើអធិការកិច្ចហត្ថពលកម្មបរទេស គណៈបញ្ជាការដឹកនាំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រុមការងារបង្ក្រាបល្បែងស៊ីសង់ខុសច្បាប់ ត្រូវធ្វើយ៉ាងណាបំពេញការងារឱ្យមានប្រសិទ្ធិភាព៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer