ឯកឧត្តម អ៊ុំ រាត្រី និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត យុវជន និងប្រជាពលរដ្ឋ បានប្រារព្ធពិធីបុណ្យរុក្ខទិវា នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ
![](https://firstnewsexpress.com/wp-content/uploads/2023/08/photo_2023-08-09_12-18-30-780x470.jpg)
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានប្រារព្ធពិធីបុណ្យរុក្ខទិវា នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា បុណ្យរុក្ខទិវា ជាបុណ្យជាតិមួយ ដែលបានបង្កើតឡើងដោយសារព្រះអង្គរបស់ព្រះបរមរតនកោដ្ឋសម្ដេចព្រះនរោត្តម សីហនុ នាសម័យសង្គមរាស្ត្រនិយម និងកំណត់ដោយព្រះរាជក្រឹត្យលេខ៧៣៨ នសចុះថ្ងៃទី៨ ខែសីហាឆ្នាំ១៩៥២ ពិធីបុណ្យនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅគ្រប់រាជធានី ខេត្ត នៅទូទាំងប្រទេស។
ឯកឧត្តមបានបន្តថា នៅលើពិភពលោកនេះ គ្រប់ជាតិសាសន៍ទាំងអស់ ត្រូវការព្រៃឈើជាចាំបាច់ ដូច្នេះគ្មានអ្វីដែលគ្មានទំនាក់ទំនងទៅនឹងព្រៃឈើនោះទេ ព្រៃឈើមានចំណែកយ៉ាងធំធេងណាស់ ក្នុងការជួយឲ្យបរិយាកាសមានស្ថានភាពល្អប្រសើរ ព្រៃឈើបង្កឲ្យមានភ្លៀងធ្លាក់ទៀងទាត់ ស្រូបនូវឧស្ម័នកាបូនិច ដែលជាជាតិពុលក្នុងស្រទាប់ខ្យល់ឲ្យបំពេញនូវឧស្ម័នអុកស៊ីសែន ពេលថ្ងៃដែលមនុស្សសត្វត្រូវការ ដកដង្ហើមដើម្បីរស់។ ព្រៃឈើបានស្រូបយកពន្លឺព្រះអាទិត្យ ឲ្យកម្ដៅមានលំនឹង និងពុំក្តៅខ្លាំង ពោលគឺព្រៃឈើជួយរក្សាបរិយាកាសឲ្យត្រជាក់ជានិច្ចព្រមទាំងជួយកាត់បន្ថយនៃការរំខានដោយសំឡេងខ្យល់កខ្វក់ឬពុល និងកាត់បន្ថយបាននូវគ្រោះធម្មជាតិដូចជាខ្យល់ព្យុះជាដើម ព្រៃឈើមានទំនាក់ទំនងគ្នាជាប្រព័ន្ធពុំអាចខ្វះបានឬអាចថា ជាផ្នែកមួយនៃជីវិតមនុស្សយើងអាចទាញយកផលប្រយោជន៍ពីព្រៃឈើធម្មជាតិ ប៉ុន្តែមិនមែនមានន័យថា ទាញយកផលប្រយោជន៍រហូតដល់បាត់បង់ទាំងព្រៃ បាត់បង់ទាំងប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនោះទេ ៕