ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះ ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនគ្រួសារអតីតយុទ្ធជនរស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ

នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះ ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជនឈ្មោះ កែវ លី អាយុ ៦៤ឆ្នាំ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នាឱកាសនោះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត បានមានប្រសាសន៍ថា សន្តិភាព​ នៅកម្ពុជា​ ពិតជាបានមកដោយការលះបង់ច្រេីនណាស់​ អាយុជីវិត​ របួសស្នាម​ ពិការ​។ ឯកឧត្ដមបានបន្ថែមថា អតីតយុទ្ធជនកម្ពុជា ទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុតពី​សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជាកិច្ចតបស្នងចំពោះការលះបង់ និងពលីកម្ម ដែលយុទ្ធជនយើងបានធ្វើចំពោះជាតិ។ កន្លងមករាជរដ្ឋាភិបាល បានផ្តល់ដីសង្គមកិច្ច សាងសង់ផ្ទះសម្បែងជូនដល់អតីតយុទ្ធជន ដើម្បីពួកគាត់កសាងជីវភាព និងរស់នៅបានសមរម្យ។ ជាមួយនេះដែរ ឯកឧត្តម ក៏បានណែនាំដល់អតីតយុទ្ធជនទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួង​សុខាភិបាល ដើម្បីបង្ការខ្លួនពីជំងឺកូវីដ-១៩។
សម្ភារៈផ្សេងៗសម្រាប់ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន លោក កែវ លី រួមមាន៖ កន្ទេល១, ភួយ១, ខ្នើយ១, មុង១, ចង្ក្រានហ្គាស១ និងកំប៉ុងហ្គាស២, ឆ្នាំងបាយឆ្នាំងសម្ល២, ចានបាយ៦ ចានសម្ល២, ស្លាបព្រា៦, អង្ករ៥០គីឡូ, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ប៊ីចេង១កញ្ចប់, ប្រេងឆាលីត្រ១ដប, អំបិល១កញ្ចប់, ទឹកបរិសុទ្ធ២កេស, ទឹកក្រូច២កេស, ម៉ាស់២ដុំតូច, អាវរងារ១, ថវិកាចំនួន៥០០,០០០រៀល។
ទន្ទឹមនឹងនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជនចំនួន៧គ្រួសារផ្សេងទៀត ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ១បាវ, ទឹកក្រូច១កេស, ទឹកបរិសុទ្ធ១កេស, មី១កេស, ម៉ាស់១ប្រអប់, អាវរងារ១, ថវិកាចំនួន២០០,០០០រៀល៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button