ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង អញ្ជេីញជួបសំណេះសំណាលជាមួយកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល និងវគ្គវិក្រឹត្យការមន្ត្រីមធ្យម បញ្ចប់ការសិក្សានៃសាលាភូមិន្នរដ្ឋបាលឆ្នាំ២០២១ ក្នុងខេត្តស្វាយរៀង

នាព្រឹកថ្ងៃពុធទី២៦ ខែមករា ឆ្នាំ២០២២នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជួបសំណេះសំណាលជាមួយកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល និងវគ្គវិក្រឹត្យការមន្ត្រីមធ្យម បញ្ចប់ការសិក្សានៃសាលាភូមិន្នរដ្ឋបាលឆ្នាំ២០២១ ក្នុងខេត្តស្វាយរៀង។
មានប្រសាសន៍នូវក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានអរគុណដល់មន្ត្រីទាំងអស់ដែលបានខិតខំក្នុងការស្វែងរកនូវការបណ្តុះបណ្តាល ដេីម្បីដុសខាត់ និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន បេីទោះបីជាការបណ្តុះបណ្តាលនោះ ប្រព្រឹត្តិទៅនៅទីណា កន្លែងណាក៏ដោយ ក្នុងនាមថ្នាក់ដឹកនាំខេត្តសូមគាំទ្រ និងលេីកទឹកចិត្តជានិច្ច និងសូមកោតសសេីចំពោះមន្ត្រីយេីងទាំងអស់ បេីទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលតម្រូវឲ្យសិក្សាតាមប្រព័ន្ធអនឡាញ ប៉ុន្តែបានខិតខំព្យាយាមរៀនសូត្រ រហូតបញ្ចប់ការសិក្សាដោយជោគជ័យ និងបានវិលត្រឡប់មកបំពេញការងារនៅតាមអង្គភាព-ស្ថាប័នរបស់ខ្លួននាពេលនេះ។
ឯកឧត្តមក៏បានផ្តាំផ្ញេីនូវចំណុចសំខាន់ៗមួយចំនួនទៀតដូចជា៖
១- មន្ត្រីគឺជាខ្ញុំបម្រេីដ៏ស្មោះត្រង់របស់ប្រជាជន៖ ក្នុងនាមជាមន្ត្រីយេីងត្រូវរំឭកខ្លួនឯងថា ខ្លួនគឺជាអ្នកបម្រេីប្រជាជន មិនមែនជាចៅហ្វាយប្រជាជនទេ ត្រូវខិតខំធ្វេីអំពេីល្អ និងត្រូវបំពេញការងារដោយឈរលេីមូលដ្ឋានបម្រេីផលប្រយោជន៍ប្រជាជនជាធំ។
២- គុណធម៌ និងសិលធម៌របស់មន្ត្រី៖ ពេលនៅឲ្យប្រជាជនស្រលាញ់ ពេលចេញឲ្យប្រជាជនរឮក(ជាពិសេសសម្រាប់មន្ត្រីមូលដ្ឋាន)។
៣- កុំតាំងខ្លួនជាមន្ត្រីជេីងដប់ឲ្យសោះ ត្រូវតាំងខ្លួនជាមន្ត្រីជេីងពីរ។
៤- កុំតាំងខ្លួនជាមន្ត្រីគ្រាប់ល្ពៅ គឺត្រូវធ្វេីជាមន្ត្រីដែលស្មោះត្រង់ចំពោះថ្នាក់ដឹកនាំ ចំពោះអង្គភាព ចំពោះការងាររបស់ខ្លួន និងប្រជាជន។ ត្រូវយកចំណេះដឹងដែលទទូលបានពីវគ្គសិក្សានេះទៅបំពេញការងារដោយស្មោះត្រង់ និងឲ្យអស់ពីសមត្ថភាព ដេីម្បីជួយកែលម្អ និងអភិវឌ្ឍន៍ស្ថាប័នរបស់ខ្លួនឲ្យកាន់តែមានការរីកចម្រេីន។
៥-ត្រូវរួមសហការគ្នាបំពេញការងារដោយសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យបានល្អ។
៦-ត្រូវគោរពឋានានុក្រមការងារ និងការចាត់តាំងរបស់ថ្នាក់ដឹកនាំ៕





