ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល សូត្រមន្តប្រោសព្រំសិរីសួស្តីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសំណេះសំណាល ជាមួយមហាគ្រួសាររដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ.ស. ២០២២ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
ពិធីសូត្រមន្តនេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។
នៅក្នុងពិធីនេះ មានការនិមន្តព្រះសង្ឃសូត្រធម៌ប្រោសព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តទាំងអស់ ដើម្បីសូមសេចក្តីសុខចម្រើន និងសូមឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខសប្បាយគ្រប់ទីកន្លែង និងឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម គង់សោភ័ណ្ឌ បានជួបសំណេះសំណាល សួរសុខទុក្ខ ដល់ថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ចំណុះឲ្យសាលាខេត្តកណ្តាល ជាការលើកទឹកចិត្តក្នុងការខិតខំបំពេញការងារកន្លងមកផងដែរ។
ឯកឧត្តម គង់សោភ័ណ្ឌ ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្តកណ្តាល ដែលបានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដើម្បីកំណើន សមធម៌ និងប្រសិទ្ធភាពការងារ ដោយបានចូលរួមថែរក្សាបាន សន្តិសុខ សុវត្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សសង្គម នាពេលកន្លងទៅ។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា កន្លងមករដ្ឋបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត និងមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានខិតខំថែរក្សា នូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងត្រូវចូលរួមថែរក្សាការពារឲ្យខានតែបាន នូវសុខសន្តិភាព សំដៅធ្វើយ៉ាងណាជំរុញល្បឿន នៃកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ឲ្យកាន់តែល្អប្រសើរទ្វេឡើងថែមទៀត។ បន្ថែមពីនេះ ក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ត្រូវបន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ ៣កុំ ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩។
ឆ្លៀតក្នុងឱកាសនោះ បានអំពាវនាវដល់មន្ត្រីរាជការជុំវិញខេត្ត សិស្សានុសិស្ស ប្រជាពលរដ្ឋចូលរួមកំសាន្តសប្បាយរីករាយនូវកម្មវិធី សង្ក្រាន្តខេត្តកណ្តាល ដែលរដ្ឋបាលខេត្តរៀបចំឡើងចំនួន០៣ថ្ងៃ គឺថ្ងៃ១៤ ១៥ និងទី១៦ ខែមេសា ឆ្នាំ២០២២ ដែលមានទីតាំងនៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ដោយមានការលេងល្បែងប្រជាប្រិយចំរុះ ការតាំងពិពរណ៍ ការរាំលេងកំសាន្ត និងកម្មវិធីជាច្រើនទៀត ដោយមាននិងការប្រគំតន្ត្រីផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button