ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីជួបសំណេះសំណាលសួរសុខទុក្ខជាមួយអ្នកផ្ទុកមេរោគអេដស៍ចំនួន ៤០នាក់ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាខេត្តបន្ទាយមានជ័យ រៀបចំពិធីជួបសំណេះសំណាលសួរសុខទុក្ខជាមួយអ្នកផ្ទុកមេរោគអេដស៍ចំនួន ៤០នាក់ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»។
ពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ នាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមវត្តមាន ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារគណៈប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ស្រុក/ឃុំបានចូលរួម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ បើទោះបីជា សម្តេច មិនបានអញ្ជើញមកដោយផ្ទាល់តែ សម្តេច តែងតែមានក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។
ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមានយុទ្ធសាស្ត្រច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយក្នុងការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ហេតុដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកផ្ទុកមេរោគអេដស៍ដែលជាអ្នកប្រឈមទៅនឹងការវាយលុកពីជំងឺឱកាសនិយមនានា សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងឱ្យគ្រប់ចំនួនដូសទៅតាមការកំណត់របស់ក្រសួងសុខាភិបាល។
ទន្ទឹមនឹងនេះ ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាពហុវិស័យជាមួយ កាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិ ស្ថាប័នរដ្ឋ-ឯកជន សប្បុរសជន និងដៃគូគ្រប់មជ្ឈដ្ឋាន ដើម្បីយើងទាំងអស់គ្នាឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥។
សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំង ៤០គ្រួសារ ក្នុងគ្រួសារនីមួយៗទទួលបានអំណោយ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ១យួរ, ភួយ១, ក្រមា១, ប្រេងឆា និងថវិកាមួយចំនួនរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button