ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម

លោក ម៉ែន កប ស្នើសុំលោកឆាង ឆៃ អភិបាល ស្រុកដំណាក់ចង្អើរ ខេត្តកែប ឲ្យជួយអន្តរាគមន៍ទប់ស្កាត់ សកម្មភាពសាងសង់របងនៅលើដីចំការ របស់គាត់

ខេត្តកែប ៖ លោក ម៉ែន កប អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ 110196201 រស់នៅភូមិត្រពាំងជ្រៃ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត បានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់លោកអភិបាល នៃគណៈអភិបាលស្រុកដំណាក់ចង្អើរ ដែលពាក្យបណ្តឹងនេះមានកម្មវត្ថុ ស្នើសុំឲ្យជួយអន្តរាគមន៍ទប់ស្កាត់ សកម្មភាពសាងសង់របងនៅចំណុចដីចំការមួយកន្លែងតំបន់ជ្រលងភ្នំក្រហម មានទីតាំងស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បន្ទាប់ពីរូបគាត់បានលក់ដីនេះឲ្យទៅស្រ្តីឈ្មោះ សិទ្ធ ច្រយ និងប្តីឈ្មោះ គឹម ស្រៀង តែមិនបានលុយ ថែមទាំងបានជួលកម្មករទៅធ្វើរបងនៅលើដីរបស់លោកទាំងបំពានទៀតដែលសកម្មភាពនេះ គឺជាអំពើផ្ទុយនឹងច្បាប់។

យោងតាមពាក្យបណ្តឹងមានចុះលេខ ០២៣ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ គោរពចូលលោកអភិបាល នៃគណៈអភិបាលស្រុកដំណាក់ចង្អើរ ដែលអង្គភាពព័ត៌មាន “ភ្នំពេញដេលី” Phnom Penh Daily (ppd-newsnet) ទទួលបាន បានរៀបរាប់ថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៨ រូបលោក និងប្រពន្ធធ្លាប់បានធ្វើកិច្ចសន្យាផ្ទេរសិទ្ធិដីលក់ផ្តាច់មួយកន្លែងជាប្រភេទដីចំការទំហំ ៣,២៥ហិកតា ឬស្មើ (៣២៥០០ម៉ែត្រការ៉ែ) មានទីតាំងស្ថិតនៅ ភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត (បច្ចុប្បន្នត្រូវបានកាត់បញ្ចូលមកជា ភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប) ឲ្យទៅឈ្មោះ ប៉ាត ផន អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ (គ្មាន) និងប្រពន្ធឈ្មោះ គង់ បុិន អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ 130050796 មានទីលំនៅ ក្រុមទី២ ភូមិសំរុង សង្កាត់សំរុង ខណ្ឌព្រៃនប់ ខេត្តព្រះសីហនុ ប៉ុន្តែកាលនោះមិនមានប្រពន្ធ ប៉ាត ផន មកជាមួយទេ។ ចំពោះការទិញលក់ និងផ្ទេរសិទ្ធិដីខាងលើនេះ គឺមិនទាន់បាននិយាយថ្លៃដីគ្នានៅឡើយទេ គ្រាន់តែភាគីឈ្មោះ ប៉ាត ផន សុំកក់លុយទ្រនាប់ដៃចំនួន ៨០០ដុល្លារ (ប្រាំបីរយដុល្លារអាមេរិក) ប៉ុណ្ណោះ។ ចាប់តាំងពីពេលនោះមកក៏បាត់ស្រមោលឈ្មោះ ប៉ាត ផន ឈឹងតែម្តងមិនដឹងជាទៅទីណា គិតដល់សព្វថ្ងៃនេះមានរយៈពេល១៤ឆ្នាំមកហើយ។ ទើបតែនៅអំឡុងខែកក្កដា ឆ្នាំ២០២១ ស្រាប់តែលេចវត្តមានឈ្មោះ សិទ្ធ ច្រយ និងប្តីឈ្មោះ គឹម ស្រៀង បានថតកិច្ចសន្យាផ្ទេរសិទ្ធិខាងលើក្នុងទូរស័ព្ទដៃមកស្រាវជ្រាវរកជួបរូបលោក និងប្រពន្ធ ដោយអះអាងថា ខ្លូន(សិទ្ធ ច្រយ និង គឹម ស្រៀង) ជាកូនបង្កើតរបស់លោក ប៉ាត ផន ចំណែកឪពុកគាត់ស្លាប់បាត់ហើយ ដូច្នេះចង់សុំទិញដីនេះបន្តពីឪពុកចាំឲ្យលុយចំនួន ៣០០,០០០ដុល្លារ (សាមសិបមុឺនដុល្លារអាមេរិក)។

ដោយមានការជឿទុកចិត្តលើសំដីអះអាងរបស់ឈ្មោះ សិទ្ធ ច្រយ និងប្តីឈ្មោះ គឹម ស្រៀង ថែមទាំងមិនយល់ពីបញ្ហាផ្នែកផ្លូវច្បាប់ផងនោះ ទើបយល់ព្រមផ្ទេរសិទ្ធិដីដែលមានទំហំ ៣,២៥ហិកតា ឬស្មើ (៣២៥០០ម៉ែត្រការ៉េ) នោះឲ្យមកឈ្មោះ សិទ្ធ ច្រយ និងប្តីឈ្មោះ គឹម ស្រៀង។ ហើយឈ្មោះ សិទ្ធ ច្រយ និងប្តីឈ្មោះ គឹម ស្រៀង បានសរសេរលិខិតបញ្ជាក់មួយច្បាប់ទៀត (សរសេរដោយដៃ) ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ឲ្យរូបលោក និងប្រពន្ធផ្តិតមេដៃ ដើម្បីឲ្យទទួលស្គាល់ថា កិច្ចសន្យាផ្ទេរសិទ្ធិដីលក់ផ្តាច់ជាមួយឈ្មោះ ប៉ាត ផន និងប្រពន្ធឈ្មោះ គង់ បុិន ដែលខ្លួនបានថតតាមទូរស័ព្ទដៃមកនោះ ជាឯកសារបានថតចម្លងពីច្បាប់ដើមពិតប្រាកដមែន។ ប៉ុន្តែក្រោយមកឈ្មោះ សិទ្ធ ច្រយ និងប្តីឈ្មោះ គឹម ស្រៀង បានធ្វើកិច្ចសន្យាថ្មីចំនួន២សន្លឹក លើដីចំនួន២ប្លង់ មកឲ្យរូបលោក និងប្រពន្ធធ្វើការផ្តិតមេដៃជាថ្មីម្តងទៀត និងប្រាប់ថា ឯកសារផ្ទេរសិទ្ធិដីលើកមុនអត់ប្រើការទេ យកឯកសារក្រោយនេះវិញ មិនខុសទេ ត្រឹមត្រូវហើយ ផ្តិតតែមេដៃទៅ ដោយកិច្ចសន្យាប្លង់ទី១ មានដីទំហំ ៤៥០០០ម៉ែត្រការ៉េរ និងកិច្ចសន្យាប្លង់ទី២ មានដីទំហំ ១០០០០ម៉ែត្រការ៉េ។

ដោយមានការជឿទុកចិត្ត និងមិនយល់ពីបញ្ហាផ្នែកផ្លូវច្បាប់ផងនោះ ក៏យល់ព្រមផ្តិតមេដៃលើកិច្ចសន្យាលក់ផ្តាច់ទាំង២ប្លង់នេះ ហើយបាននាំគ្នាយកទៅបញ្ជាក់ពីលោក ជួង ឈឿន មេភូមិចំការបី។ ដោយឡែកចំណែកលោកមេឃុំពងទឹក គឺមិនបញ្ជាក់ឲ្យទេ ដោយសំអាងលើហេតុផលថា កិច្ចសន្យាលក់ផ្តាច់ទាំង២ប្លង់នេះ មានភាពមិនប្រក្រតីត្រង់ចំណុចការចុះថ្ងៃ-ខែ-ឆ្នាំ (ចុះនៅថ្ងែទី១៨ ខែ៨ ឆ្នាំ២០១៨។ បន្ទប់ពីលោកមេឃុំពងទឹកមិនបញ្ជាក់ឲ្យ ឈ្មោះ សិទ្ធ ច្រយ និងប្តីឈ្មោះ គឹម ស្រៀង បានប្រើប្រាស់ឯកសារដែលបញ្ជាក់ត្រឹមលោក ជួង ឈឿន មេភូមិចំការបីទៅធ្វើសកម្មភាពឈូសឆាយលើដីចំការរបស់លោក និងសង់រោង ខណៈមិនទាន់បានទូទាត់ប្រគល់លុយថ្ងៃទិញដីសូម្បីតែបន្តិចណានៅឡើយ ដោយប្រាប់ថា ធ្វើសិនទៅរួចរាល់ចាំប្រគល់លុយគ្រប់តែម្តង។ មិនតែប៉ុណ្ណោះឈ្មោះ សិទ្ធ ច្រយ និងប្តីឈ្មោះ គឹម ស្រៀង ថែមទាំងបានធ្វើសកម្មភាពឈូសឆាយរំលោភបំពានលើដីព្រៃសហគមន៍អស់ជាច្រើនបន្ថែមទៀត ហើយត្រូវបានជំនាញរដ្ឋបាលព្រៃឈើប្តឹងទៅអាជ្ញាធរស្រុកដំណាក់ចង្អើរ និងត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកចុះបង្ក្រាប និងឃាត់ខ្លួនអ្នកបើកត្រាក់ទ័របុលបានចំនួន១នាក់់ រួមនិងវត្ថុតាងត្រាក់ទ័របុលចំនួន១គ្រឿងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដែលបច្ចុប្បន្នសំណុំរឿងនេះកំពុងស្ថិតក្នុងដៃតុលាការនៅឡើយ។ ក្រោយមកទើបដឹងថា ឈ្មោះ សិទ្ធ ច្រយ និងប្តីឈ្មោះ គឹម ស្រៀង មិនមានជាប់ពាក់ព័ន្ធជាកូនបង្កើតរបស់ឈ្មោះ ប៉ាត ផន និងប្រពន្ធឈ្មោះ គង់ បុិន នោះឡើយ។ ចំពោះការសន្យាថា ឲ្យលុយថ្លៃទិញដីចំនួន ៣០០,០០០ដុល្លារ (សាមសិបមុឺនដុល្លារ)នោះជាសន្យាខ្យល់ដើម្បីឲ្យមានការជឿជាក់ទុកចិត្ត ធាតុពិតគ្រប់រូបភាពដែលឈ្មោះ សិទ្ធ ច្រយ និងប្តីឈ្មោះ គឹម ស្រៀង បានរៀបចំឡើង គឺជាល្បិចកលក្នុងគោលបំណងចង់បានដីរបស់លោកតែប៉ុណ្ណោះ។

បើយោងតាមកិច្ចសន្យាចំនួន២ច្បាប់រវាងភាគីខាងម្ចាស់ដីឈ្មោះ ម៉ែន កប និងប្រពន្ធឈ្មោះ ពៅ អូន ជាមួយភាគីអ្នកទទួលសិទ្ធិគឺ ឈ្មោះ គឹម ស្រៀង និងប្រពន្ធឈ្មោះ សិទ្ធ ច្រយ ដែលអង្គភាពព័ត៌មាន “ភ្នំពេញដេលី” Phnom Penh Daily( ppd-news net) ទទួលបាន បញ្ជាក់ថា ភាគីទាំងពីរទើបតែស្គាល់គ្នាក្នុងអំឡុងខែកក្កដា ឆ្នាំ២០២១ ប៉ុន្តែហេតុអ្វីបានជាកាលបរិច្ឆេទក្នុងកិច្ចសន្យាចុះតាំពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ពិតជាចម្លែកមែន។ ម្យ៉ាងទៀត បើផ្អែកលើកិច្ចសន្យាទាំងពីរច្បាប់នេះ គឺមានលក្ខណៈមិនទាន់ពេញលេញតាមផ្លូវច្បាប់ឡើយ ព្រោះថា ការទិញលក់ ឬការផ្ទេរសិទ្ធិពុំមានការទទួលស្គាល់ពីអាជ្ញាធរ ឃុំ-ស្រុក ឬមន្ត្រីជំនាញសុរិយោដី ដែលមានការអំពាវនាវដល់ថ្នាក់ដឹកនាំអាជ្ញាធរ ឃុំ-ស្រុក ពិសេសស្ថាប័នតុលាការ មេត្តាពិនិត្យហេតុផល និងពិចារណាឲ្យបានច្បាស់លាស់ ដើម្បីផ្តល់ភាពយុត្តិធម៌នៅក្នុងរឿងនេះ។

លោក ឆាង ឆៃ អភិបាល នៃគណៈអភិបាលស្រុកដំណាក់ចង្អើរ បានប្រាប់ដល់អង្គភាពព័ត៌មាន “ភ្នំពេញដេលី” Phnom Penh Daily Media (ppd-news.net) ថ្មីៗនេះថា រឿងនេះលោកអត់បានដឹងទេ ព្រោះលោកទើបតែឡើងកាន់តំណែងជាអភិបាលស្រុក។ ប៉ុន្តែពាក់ព័ន្ធរឿងរ៉ាវនេះលោកអភិបាលស្រុកបញ្ជាក់ថា លោកបានចាត់ឲ្យអភិបាលរងស្រុកមួយរូបដឹកនាំកម្លាំងសមត្ថកិច្ចចុះធ្វើការទប់ស្កាត់ និងបង្ក្រាបចំនួនពីរលើកមកហើយ តែពេលទៅដល់ក្រុមកម្មករសម្រាកទៅផ្ទះអស់។ (សូមប្រិយមិត្តរង់ចាំតាមដានដំណើររឿងនេះជាបន្តបន្ទាប់ទៀត)៕

អត្ថបទ និងរូបភាពដោយ ភ្នំពេញដេលី

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button