ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការផ្ដល់សេវារដ្ឋបាលប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារប្រចាំឆ្នាំ២០២២ របស់អង្គភាពច្រកចេញចូលតែមួយ រដ្ឋបាលខេត្តតាកែវ

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានអញ្ជើញជាធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការផ្ដល់សេវារដ្ឋបាលប្រចាំ ឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារប្រចាំឆ្នាំ២០២២ របស់ អង្គភាពច្រកចេញ ចូលតែមួយ រដ្ឋបាលខេត្តតាកែវ ដែលកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក លោកប្រធានអង្គភាពច្រកចេញ ចូលតែមួយរដ្ឋបាលខេត្ត លោក លោកស្រី មន្រ្តីរាជការពាក់ព័ន្ធមួយចំនួន។
បន្ទាប់ពី​បានស្ដាប់សេចក្ដីរាយការណ៍សង្ខេប របស់ លោក ឃុត ប៊ុនធឿន ប្រធានអង្គភាពច្រកចេញ ចូលតែមួយខេត្ត អំពីសកម្មភាពលទ្ធផលការងារសម្រេចបានឆ្នាំ២០២១ និងបញ្ហា​ប្រឈម ព្រមទាំង ដំណោះស្រាយមួយចំនួនរួចមក។ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត ក៏បានថ្លែង​ការកោតសរសើរ​ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ​ ដែលរួមគ្នាបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានបន្ត​លើក​ទឹកចិត្ត ដល់​មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ខេត្ត ក្រុង ស្រុក ព្រមទាំង អង្គភាពពាក់ព័ន្ធ ត្រូវបង្កើនសាមគ្គីភាព ឯកភាព​ផ្ទៃក្នុង សូមខិតខំធ្វើការងារ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ បានទាន់​ពេលវេលា និងប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព ព្រមទាំងលើកឡើងអំពីលទ្ធផល នៃការពិភាក្សា និងស្វែងរក​ដំណោះស្រាយ​នូវបញ្ហាប្រឈម ដើម្បីដាក់ទិសដៅ ធ្វើការសម្រេចលទ្ធផលការងារ​នៅក្នុងឆ្នាំ២០២២ ឱ្យមាន​ដំណើរការល្អប្រសើរបន្ថែមទៀត ដែលជា ការរួមចំណែកសម្រាប់ជួយ​ដល់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button