ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំឆ្នាំ២០២១

ខេត្តកណ្តាល៖ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំឆ្នាំ ២០២១ នៅសាលាខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរ ដល់អាជ្ញាធរ ក្រុង-ស្រុក និងថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តនូវ ទិសដៅការងារ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា សម្រាប់ឆ្នាំថ្មី ឆ្នាំ២០២២នេះ អាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំរួមសាមគ្គីគ្នា បំពេញភារកិច្ច កាតព្វកិច្ច និងទិសដៅការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅរកការអភិវឌ្ឍ និងការកសាងសមិទ្ធផលថ្មីៗឱ្យបានច្រើនបន្ថែមទៀតក្នុងខេត្ត។ ត្រូវរួមគ្នាត្រួតពិនិត្យពិភាក្សា បញ្ហាប្រឈម ដូចជាចំណុចខ្វះចន្លោះដែលនៅមិនទាន់បានអនុវត្ត និងការដោះស្រាយ ដើម្បីរួមគ្នាកែលម្អ ដោះស្រាយឱ្យបានកាន់តែល្អប្រសើរ ទាន់ពេលវេលា ឆ្លើយតបទៅនឹងភាពអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិក៏ដូចក្នុងខេត្តកណ្តាល សំដៅខិតខំបម្រើជូនប្រជាជននៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ឯកឧត្តម បានជម្រុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែខិតខំដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ចេញជាលទ្ធផលជូនពួកគាត់ កុំឱ្យមានការយឺតយ៉ាវឱ្យសោះ ពោលគឺយើងមិនត្រូវទុកឱ្យរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ អូសបន្លាយយូបានឡើយត្រូវដោះស្រាយឱ្យបានចប់ទាន់សភាពការណ៍។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ត្រីរាជការ កងកម្លាំងទាំងអស់ត្រូវ យកចិត្តទុកដាក់ស្ដាប់រាល់សាររបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការសិក្សារៀនសូត្រ និងអនុវត្តតាមឱ្យស្របទៅនឹងទិសដៅការងាររបស់ខ្លួនដើម្បីទទួលបានវឌ្ឍនៈភាពការងារកាន់តែល្អប្រសើរឡើងផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងដែរថា ពាក់ព័ន្ធនឹងកម្មវិធីODF ការប្រើប្រាស់បង្គន់អនាម័យ ក្នុងខេត្តកណ្ដាល គឺមានស្រុកចំនួន ៧ហើយដែលអនុវត្តកម្មវិធីនេះបានជោគជ័យ នៅសល់ក្រុង-ស្រុកចំនួន ៤ទៀតប៉ុណ្ណោះដែលត្រៀមនឹងបញ្ចប់ កម្មវិធីODFនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ដែលអាចបញ្ជាក់បានថា ប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលនឹងមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះទាំងអស់ អាចឈានទៅបញ្ឈប់ទាំងស្រុងនូវការបន្ទោរបង់ពាសវាលពាសកាលតទៅទៀត។

Related Articles

Leave a Reply

Your email address will not be published.

Back to top button