រថយន្តប្រភេទcamry ឆ្លាម បើកបរខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូរម៉កកងបីពីក្រោយ ក្រឡាប់ផ្ងាជើង បណ្តាលឲ្យរងរបួសម្នាក់ដឹកទៅសង្គ្រោះនៅមន្ទីពេទ្យស្រុកម៉ាឡៃ
(បន្ទាយមានជ័យ)៖បុរសវ័យចំណាស់ម្នាក់ ត្រូវបានដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យស្រុកម៉ាឡៃភ្លាមៗ ក្រោយពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តប្រភេទcamry ឆ្លាម បើកបរខ្វះការប្រុងប្រយ័ត្ន បានបុកម៉ូតូរម៉កកងបីពីក្រោយ បណ្តាលឲ្យធ្លាក់ពីលើផ្លូវជាតិលេខ៥៩ ក្រឡាប់ផ្ងាជើង ។ហេតុការណ៍នេះបានកើតឡើងកាលពីព្រលប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៥៩ ត្រង់ចំណុចស្ពានភូមិអូរស្អំ ស្ថិតនៅក្នុងឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសវ័យចំណាស់ម្នាក់ បានបើកម៉ូតូរម៉កកងបី លក់គ្រឿងឧបភោគ បរិភាគ មានដូចជា ផ្អក ប្រហុក ក្រូចឆ្មា បន្លែផ្សេងៗ។ល។ ដោយជិះក្នុងទិសដៅស្របគ្នា ពោលគឺពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរថយន្តប្រភេទcamry ឆ្លាម បានបុកពីក្រោយ ធ្លាក់ពីលើផ្លូវជាតិផ្ងាជើង បណ្តាលឲ្យម្ចាស់ម៉ូតូរម៉កកងបី រងរបួសចុកដើមទ្រូង ។ក្រោយពីកើតហេតុភ្លាម កម្លាំងនគរបាលជំនាញផែនចរាចរណ៍ផ្លូវគោក បានចុះជួយអន្ត្រាគមន៍ ហៅរថយន្តមន្ទីរពេទ្យស្រុកម៉ាឡៃ ដឹកយកទៅសង្គ្រោះភ្លាមៗ និងធ្វើការវាស់វែង។
ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរារណ៍ខាងលើនេះដែរ បើតាមសមត្ថកិច្ចបានឲ្យដឹងថា មធ្យោបាយទាំងពី ដោយសារពួកគាត់សុំធ្វើកាដោះស្រាយគ្នាក្រៅប្រព័ន្ធច្បាប់សិន បើចចារគ្នាមិនត្រូវនឹងនាំយកទៅអធិការនគរបាលស្រុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ដោយ ៖ លោក ពិល ថា