ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល ៖ ប្រជាពលរដ្ឋនៅស្រុកកោះធំ នឹងទទួលបានមន្ទីរពេទ្យតេជោសែនកោះធំ ដែលជាមន្ទីរពេទ្យមានកម្រិតស្តង់ដារខ្ពស់ ដូចមន្ទីរពេទ្យកាល់ម៉ែត ក្នុងពេលឆាប់ៗនេះ

ខេត្តកណ្តាល៖ មន្ទីរពេទ្យតេជោសែនកោះធំ ដែលជាមន្ទីរពេទ្យមានកម្រិតស្តង់ដារខ្ពស់ ដូចមន្ទីរពេទ្យកាល់ម៉ែត គឺជាសមិទ្ធិផលដ៏ធំធេងមួយទៀតបានផុសឡើងលើទឹកដីស្រុកកោះធំ ក្នុងចំណោមសមិទ្ធិផលនានាជាច្រើនទៀត ដែលកើតឡើងក្រោមស្នាដៃដឹកនាំប្រកបដោយគតិបណ្ឌិត ក្រោមម្លប់សន្តិភាព របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសន៍ឯក និងជាស្ថាបនិកសន្តិភាព ពោរពេញដោយភាពឈ្លាសវៃបំផុត។
នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌអភិបាល នៃគណៈអភិបាលខេត្តកណ្តាល មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើននាក់។
ឯកឧត្តមបានបញ្ជាក់ថា មន្ទីរពេទ្យតេជោសែនកោះធំនេះ គឺបានផ្តួចផ្តើមសាងសង់ឡើងក្រោមការឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ក៏ដូចជាឯកឧត្តមផ្ទាល់ និងមានការចូលរួមឧបត្ថម្ភគាំទ្រផងដែរពីសប្បុរសជននានា ហើយជាងនេះទៅទៀតនោះគឺមន្ទីរពេទ្យនេះគឺទទួលបានការគាំទ្រ និងបណ្តុះបណ្តាលបច្ចេកទេសផ្ទាល់ពី មន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា មន្ទីរពេទ្យនេះគឺពិតជាមានតួនាទីសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ឬរាជធានីភ្នំពេញ ដែលឆ្ងាយពីមូលដ្ឋានរបស់ខ្លួន ជាពិសេសមន្ទីរពេទ្យមួយនេះនឹងខិតខំបំរើសេវាព្យាបាលជំងឺទូទៅបានកាន់តែខិតជិតប្រជាពលរដ្ឋ មិនថាតែប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះធំនោះទេ ពោលគឺស្រុកដែលនៅជាប់និងស្រុកកោះធំដូចជា ស្រុកស្អាង ស្រុកលើកដែក និងស្រុកព្រៃកប្បាស់ ខេត្តតាកែវ ក៏អាចមកសម្រាប់ព្យាបាល ឬមកទទួលសេវាកម្មសុខភាពនានា នៅមន្ទីរពេទ្យនេះបានផងដែរ។
នាឱកាសនោះដែរ ឯកឧត្តមរំលឹកដល់ប្រជាពលរដ្ឋថា ឆ្លងកាត់រយៈពេល៤៣ឆ្នាំ បន្ទាប់ពីជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ប្រជាជាតិមួយដែលរងការសម្លាប់រង្គាល បានងើបឈរឡើងវិញយ៉ាងរឹងប៉ឹង និងស្រស់បំព្រង ប្រកបដោយមោទនភាពខ្ពស់បំផុត ក្រោមកម្លាំងមហាសាមគ្គីរបស់ប្រជាជន ជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទើបធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍ មានសិទ្ធិសេរីភាពឡើងវិញ ទទួលបាននូវសមិទ្ធផលធំៗថ្មីៗជាបន្តបន្ទាប់ឥតឈប់ឈរដូចសព្វថ្ងៃនេះបាន ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារនូវសន្តិភាពដ៏មានតម្លៃនេះឱ្យបានគង់វង្ស ដើម្បីកូនចៅជំនាន់ក្រោយរបស់យើងបន្តទៀត។
សូមជម្រាបថា មន្ទីរពេទ្យតេជោសែនកោះធំ សាងសង់ឡើងលើផ្ទៃដីទំហំ ១,៤៧ ហិតា មានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកោះធំ តាមបណ្តោយផ្លូវជាតិលេខ២១ អាគារមានទំហំសរុប ១៣,០០០ម៉ែត្រការ៉េ មាន១៥០គ្រែ បំពាក់ដោយឧបករណ៍សម្ភារបរិក្ខារបច្ចេកទេសទំនើបៗ កម្រិតស្តង់ដាថ្នាក់ជាតិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button