ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្ទឹងត្រែង ៖ អំណោយរបស់រាជរដ្ឋាភិបាល ត្រូវបានយកមកផ្តល់ជូនប្រជាពលរដ្ឋ ងាយរងគ្រោះចំនួន ៣០១ គ្រួសារ មកពីសង្កាត់ទាំង ៤ ក្នុងក្រុងស្ទឹងត្រែង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តស្ទឹងត្រែង ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រីមេម៉ាយ ជនពិការ កុមារកំព្រា និងគ្រួសាររងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ចំនួន ៣០១ គ្រួសារ មកពី៤ សង្កាត់ ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ក្នុងកម្មវិធីនេះ មានការចូលរួមពីសំណាក់ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកអភិបាលក្រុង និងមន្ទីរអង្គភាព ជុំវិញខេត្តមួយចំនួនផងដែរ។
អំណោយដែលបាននាំយកទៅចែកជូន ក្នុងមួយគ្រួសារៗទទួលបាន រួមមាន : អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១ យួរ និងភួយ១ ផងដែរ។ ពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម ស្វាយ សំអ៊ាង បានពាំនាំនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និង ប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និង គោរពឲ្យបាននូវ វិធានការសុខាភិបាល ៣ ការពារ ៣ កុំ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដើម្បីការពារឲ្យបាននៅជំងឺរាតត្បាត ដ៏កាចសាហាវ ជំងឺកូវីដ-១៩។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានផ្តាំផ្ញើសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ទៅទទួលការចាប់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា ពិសេសដូសជម្រុញ ដើម្បីបញ្ជៀសបានការឆ្លងជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំ ក្នុងសហគមន៍ ទាំងមូល នឹង បន្តការខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍មូលដ្ឋាន នៅក្នុងខេត្តស្ទឹងត្រែងទាំងមូល នឹង ក្នុងប្រទេសកម្ពុជាយើងផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button