ព័ត៌មានជាតិ

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចំនួន៣របស់ក្រុងស្ទឹងត្រែង បន្តទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ស្ទឹងត្រែង ៖ ប្រជាពលរដ្ឋប្រឈមនិងការខ្វះខាតខ្លាំងរស់នៅក្នុងសង្កាត់ស្ទឹងត្រែង ,សង្កាត់ព្រះបាទ និងសង្កាត់ស្រះឫស្សី ទទួលអំណោយពីកាកបាទក្រហមកម្ពុជា ជាក់ស្តែងនារសៀលថ្ងៃអង្គារទី ១០ ខែឧសភា ឆ្នាំ២០២២នេះ តាមរយៈឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចាស់ជរា ជនមានពិការភាព សរុបចំនួន១៧០គ្រួសារ នៅតាមគោលដៅចំនួន ៣កន្លែងក្នុងក្រុងស្ទឹងត្រែងរួមមាន៖
-ទីតាំងទី១.នៅសាលាបឋមសិក្សាបាចុង ចំនួន១៣០ គ្រួសារ ដែលមកពីភូមិ (ភូមិកាំងមេម៉ាយ, ភូមិកាំងដីស និងភូមិព្រះបាទ) ក្នុងសង្កាត់ព្រះបាទ សម្រាប់ប្រជាពលរដ្ឋចំនួន ៤០គ្រួសារ និងសង្កាត់ស្ទឹតត្រែង ដែលពី (ភូមិរាជនុកូល, ភូមិស្ពានថ្ម, ភូមិកណ្តាល, ភូមិត្រពាំងព្រីង និងភូមិព្រែក) សម្រាប់ប្រជាពលរដ្ឋ ចំនួន ៩០គ្រួសារ
-ទីតាំងទី២៖ នៅសង្កាត់ស្រះឫស្សី (មកពីភូមិលើ, ភូមិថ្មលាភ និងភូមិស្រែពោធិ៍) សម្រាប់ប្រជាពលរដ្ឋចំនួន៤០គ្រួសារ។
បើតាមឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានឱ្យដឹងថា «ដោយមានកិច្ចសហការពីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដែលបានចុះពិនិត្យផ្ទាល់អំពីស្ថានភាពប្រជាពលរដ្ឋនៅតំបន់នោះ បានមើលឃើញថាមានប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៧០ គ្រួសារ ដូច្នេះតាមការណែនាំបន្ថែមពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃនេះបងប្អូនប្រជាពលរដ្ឋដែលគាត់ជាជនចំណាកស្រុកហើយមករស់នៅតំបន់ជាយក្រុងក្នុងសង្កាត់ចំនួន៣ ខាងលើ ចំពោះការប្រកបរបរប្រចាំថ្ងៃរបស់ពួកគាត់វិញប្រឈមនិងការខ្វះខាត ហើយភាគច្រើននៃពួកគាត់សុទ្ធសឹងជាអ្នកប្រកបរបរស៊ីឈ្នួលចាំចំការឱ្យគេឬដកដំឡូង និងបេះផ្លែស្វាយចន្ទី ហើយមួយចំនួនទៀតជាកម្មករឡឥដ្ឋ»។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុយ សំអាត បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ជូនចំពោះប្រជាពលរដ្ឋទាំងអស់ដោយក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់ នៅជាប្រចាំថ្ងៃ ជាពិសេសលោកយាយលោកតា បងប្អូន ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកបំផុត។
ជាមួយគ្នានេះ ឯកឧត្តមវេជ្ជ. បានពាំនាំនូវសារអំពាវនាវពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនទាំងអស់សូមថែរក្សាសុខភាពឱ្យបានល្អ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពរោះរដូវប្រាំងផុតទៅចូលមកដល់រដូវវស្សា ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ ផ្គររន្ទះជាដើម។ ជាពិសេសចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់គ្នា ទោះបីជាជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាមានសភាពធូរស្រាលក៏ដោយ។
ប្រជាពលរដ្ឋទាំងអស់បានសម្តែងនូវការរីករាយជាខ្លាំងដែលកាកបាទក្រហមកម្ពុជា បានចែកជូនអំណោយនៅថ្ងៃនេះដើម្បីជួយសម្រួលលើការហូបចុកបានមួយគ្រា ហើយនិងបានគោរពថ្លែងអំណរគុណដល់សម្តេចទាំងទ្វេ សូមសម្តេចមានសុខភាពល្អ កម្លាំងមាំមួន ជៀសឆ្ងាយពីជំងឺទាំងពួង ដើម្បីបន្តដឹកនាំប្រទេសឱ្យមានសុខសន្តិភាពបន្តទៀត៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button