រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់សាធារណរដ្ឋគុយបា ដែលកន្លងមកបានសហការគាំទ្រ និងរួមចំណែកលើកកំពស់សេវាសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា មកផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនពលរដ្ឋកម្ពុជា ចាប់តាំងពីក្រោយឆ្នាំ១៩៧៩ ដែលកម្ពុជាត្រូវបានរំដោះពីរបបខ្មែរក្រហម។ ឯកឧត្តមសាស្ត្រាចារ្យ មានប្រសាសន៍បែបនេះ ក្នុងឱកាសទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា និងប្រតិភូ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ។
ឯកឧត្តមសាស្ត្រាចារ្យ បញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា បានជួយបណ្តុះបណ្តាល និងបង្ហាត់បង្ហាញជំនាញវេជ្ជសាស្ត្រដល់គ្រូពេទ្យ និងនិស្សិតពេទ្យកម្ពុជា ព្រមទាំងបានផ្តល់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល ជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។
នាឱកាសនោះលោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់សាធារណរដ្ឋគុយបា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ជាពិសេសកិច្ចសហប្រតិបត្តិការលើការបន្តផ្តល់អាហាររូបករណ៍ថ្នាក់វេជ្ជបណ្ឌិតទូទៅ និងឈាន់ដល់ថ្នាក់វេជ្ជបណ្ឌិតជំនាញ ការធ្វើទស្សនកិច្ចសិក្សារបស់ប្រតិភូនៃក្រសួងសុខភាពសាធារណៈ ក្នុងគោលបំណងសិក្សាស្វែងយល់និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍លើប្រព័ន្ធគាំពារសុខភាពបឋម ក្នុងប្រទេសកម្ពុជា និងការទទួលវេជ្ជបណ្ឌិតកម្ពុជា១០រូប ទៅសិក្សាជំនាញព្យាបាលជំងឺមហារីកបន្ថែម នៅសាធារណៈរដ្ឋគុយបា ក្រោមកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋគុយបា៕