ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសំ​ដែងការគួរសម និងពិភាក្សាការ​ងារជាមួយលោកជំទាវ ឯកអគ្គរដ្ឋទូត​នៃសាធារណរដ្ឋគុយ​បា ប្រចាំព្រះរា​ជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណ​ដល់​សាធា​រណរដ្ឋគុយ​បា ដែលកន្លងមក​បាន​សហការគាំទ្រ និងរួមចំណែ​កលើកកំពស់​សេវាសុខាភិ​បាល តាមរយៈការបញ្ជូនក្រុមគ្រូពេ​ទ្យស្ម័គ្រចិត្តគុយបា មកផ្តល់​សេវាថែទាំ និងព្យាបាលជំងឺជូ​នពលរដ្ឋកម្ពុជា ចាប់តាំងពីក្រោយឆ្នាំ​១៩៧៩ ដែលកម្ពុជា​ត្រូវបា​នរំដោះពីរបបខ្មែរក្រហម។ ឯកឧត្តមសា​ស្ត្រាចារ្យ មានប្រសាសន៍បែបនេះ ក្នុងឱកាសទទួលជួបសំដែង​ការគួរសម និងពិភា​ក្សាការងារជាមួយលោ​កជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតនៃ​សាធារ​ណរដ្ឋ​គុយ​បា និងប្រតិភូ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅ​ទីស្តីការក្រសួងសុខាភិបាល

ឯកឧត្តមសា​ស្ត្រាចារ្យ បញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា បានជួយ​បណ្តុះបណ្តាល និងបង្ហាត់​បង្ហាញជំនាញវេជ្ជសាស្ត្រដ​ល់គ្រូពេទ្យ និងនិស្សិត​ពេទ្យកម្ពុជា ព្រមទាំង​បានផ្តល់​អាហារូបករណ៍​អភិវឌ្ឍន៍ធនធា​នមនុស្សក្នុងវិស័យសុខា​ភិបាល ជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។

នាឱកាសនោះលោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំ​ហរយ៉ាងមុតមាំរបស់​សាធារណរដ្ឋគុយបា ក្នុងកា​របន្តកិច្ចសហប្រតិបត្តិកា​រជាមួយក្រសួងសុខាភិបាល ជាពិសេសកិច្ច​សហប្រតិបត្តិកា​រលើការបន្តផ្តល់អាហាររូបករណ៍ថ្នាក់​វេជ្ជបណ្ឌិតទូទៅ និងឈាន់ដល់ថ្នាក់វេជ្ជបណ្ឌិតជំនាញ ការធ្វើទ​ស្សនកិច្ចសិក្សារបស់ប្រតិភូនៃក្រសួងសុខភាពសាធារណៈ ក្នុងគោលបំណង​សិក្សា​ស្វែងយល់និ​ងផ្លាស់ប្តូរចំណេះដឹង និងបទពិ​សោធន៍លើប្រព័ន្ធគាំពារសុខភាពបឋម ក្នុងប្រទេ​សកម្ពុជា និងការទទួលវេជ្ជបណ្ឌិត​កម្ពុជា១០រូប ទៅសិក្សាជំនាញព្យាបាលជំងឺមហារីកបន្ថែម នៅ​សាធា​រណៈរដ្ឋគុយបា ក្រោមកិច្ចស​ហប្រតិបត្តិការដ៏រឹងមាំ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធា​រណៈរដ្ឋគុយ​បា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button