ព័ត៌មានជាតិ

លោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ជម្រុញគ្រួសារកងទ័ព ដាំដុះបន្លែចម្រុះ លក់នៅទីផ្សារសហគមន៍ បង្កើនសេដ្ឋកិច្ចគ្រសារ

(បន្ទាយមានជ័យ):ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ បន្លែចម្រុះរបស់អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ដាក់លក់ជាប្រចាំថ្ងៃ នៅផ្សារសហគមន៍ ផលិតផលខ្មែរ ភូមិ១ ផលិតផល១ ទីរួមខេត្តបន្ទាយមានជ័យ ។

ក្រៅពីអនុវត្តភារកិច្ចស្នូលរបស់អង្គភាព ក្រោមការយកចិត្តទុកដាក់របស់លោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានជំរុញកងទ័ពនិងគ្រួសារ ដល់បណ្តាអង្គភាពចំណុះ បន្តការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតធានាការចិញ្ចឹមកងទ័ព និងគ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត និងដាក់លក់នៅលេីទីផ្សារ ពិសេសចូលរួមអនុវត្តតាមផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ផងដែរថា អង្គភាពចំណុះកងពលបានធ្វើការដាំដុះបន្លែចម្រុះ និងការចិញ្ចឹមសត្វ តាមផែនការរបស់ថ្នាក់លើដាក់ឲ្យ ជាមធ្យមបន្លែចម្រុះ និងត្រីសាច់ ត្រូវបានធានាការងារចិញ្ចឹមទ័ព និងគ្រួសារកងទ័ព គ្រប់គ្រាន់ មួយចំនួនលើសតម្រូវការ បាននាំយកទៅលក់នៅទីផ្សារសន្សំថវិកាជួយកសាងអង្គភាព និងការងារមនុស្សធម៌។

ជាការកត់សម្គាល់ ក្នុងបេសកកម្ម ប្រតិបត្តិការការពារទប់ស្កាត់ ឆ្លងជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ កងពលតូចថ្មើរជើងលេខ៥១ តាមបនណ្តាអង្គភាពចំណុះបានប្រមូលផលបន្លែចម្រុះ និងសាច់ផ្គត់ផ្គង់ឲ្យដល់កម្លាំងអន្តរាគមន៍ជួរមុខ ធានាបាននូវសុវត្ថិភាពចំណីអាហារ សុខមាលភាពកងទ័ព ក្នុងបេសកកម្មល្បាតទាំងយប់ ទាំងថ្ងៃតាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button