សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដា្ឋនសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត រោងជាង និងអគារវេជ្ជសាស្រ្តស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើបើកការដា្ឋនសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត រោងជាង និងអគារវេជ្ជសាស្រ្តស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត។អគារទាំងបីខាងលើនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពដោយធានាបានការថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋ សម្រាប់បង្កើនសមត្ថភាពមន្ទីរពេទ្យក្នុងការទទួលពិនិត្យព្យាបាលអ្នកជំងឺ និងបង្កើនសមត្ថភាពបច្ចេកទេសតាមជំនាញឯកទេសនីមួយៗ ប្រកបដោយនវានុវត្តន៍ រួមទាំងចំណតដែលអាចផ្ទុកទោចក្រយានយន្ត ចំនួន ៤៦៥គ្រឿង និងរថយន្តចំនួន ៥៤៦គ្រឿង។
អគារថ្មីនេះនឹងត្រូវបំពាក់ដោយសម្ភារ ឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើប និងមានហេដ្ឋារចនាសម្ព័ន្ធសំណង់ទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ ហើយគ្រោងដាក់ឱ្យប្រើប្រាស់ ជាអគារពហុមុខងារ ពិសេស សម្រាប់ពហុឯកទេសពាក់ពន្ធ័ ដូចជាសមត្ថភាពធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបែបកម្រឹតស្មុគស្មាញករណីជំងឺមហារីក ជំងឺមិនឆ្លងរ៉ាំរ៉ៃ ដែលមានផលលំបាកផ្សេងៗ សំដៅឆ្លើយតបបានទៅនឹងការវិវត្តនៃតម្រូវការថែទាំសុខភាពរបស់ប្រជាជនកម្ពុជា ។សមិទ្ធផលជាតិថ្មី បន្ថែមមួយទៀត ដ៏ទំនើបឈានមុខនេះ នឹងជួយជំរុញឱ្យកម្ពុជា អភិវឌ្ឍវិស័យសុខាភិបាលឈានដល់កម្រិតស្តង់ដាតំបន់ និង អន្តរជាតិមួយចំណែកបន្ថែមទៀត។ ក្នុងនោះដែរ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗបច្ចេកវិទ្យាចុងក្រោយ ការបណ្តុះបណ្តាលធនធានមនុស្សកម្រឹតជំនាញ ការជ្រើសរើស និងការពង្រាយគ្រូពេទ្យបុគ្គលិកបច្ចេកទេស ការផ្គត់ផ្គង់ឱសថសារវ័ន្ត នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ខេត្ត បាននិងកំពុងដើម្បីអនុវត្ត ជាបន្តបន្ទាប់សំដៅបន្តពង្រឹងសមត្ថភាពផ្តល់សេវាប្រកបដោយគុណភាព ជូនអ្នកជំងឺ និងក្រុមគ្រួសារ និងសំដៅពង្រីកបន្ថែមការគ្របដណ្តប់នៃកម្មវិធីមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងគ្រោះ និងក្រុមគោលដៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព(ប.ស.ស)ដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. និងប្រជាជនជនស្វ័យនិយោជឈរលើគោលការណ៍ស្ម័គ្រចិត្ត ព្រមទាំងកម្មវិធីជំនួយសង្គមផ្សេងៗទៀត ជូនប្រជាជនគោលដៅផងដែរ៕