ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់តំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីក្រសួង បានរៀបចំពិធីប្រកាសចូលកាន់តំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្តទាំង២៥។
ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចជូនអង្គពិធីជ្រាបពីការកំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សំដៅធានាការដឹកនាំរាល់កិច្ចការនិងសកម្មភាពរបស់ក្រសួងឲ្យមានសង្គតិភាព ជាពិសេសគឺថ្នាក់ដឹកនាំក្រសួងដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ពុំត្រូវបានអនុញ្ញាតឲ្យលូកដៃទៅលើកិច្ចការរបស់ជំនាញតាមអង្គភាព និងមន្ទីររាជធានី ខេត្តឡើយ ប៉ុន្តែឯកឧត្តម លោកជំទាវ ដែលទទួលបន្ទុកអាចបន្ថែមយោបល់លើកិច្ចការរបស់ជំនាញជូនឯកឧត្តមរដ្ឋមន្ត្រី។
ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីស្នើសុំឲ្យជំនាញនៅតាម អង្គភាព និងមន្ទីររាជធានី ខេត្ត ធ្វើការឲ្យបានជិតស្និទ្ធជាមួយថ្នាក់ដឹកនាំក្រសួង ហើយត្រូវទទួលខុសត្រូវលើការងាររបស់ខ្លួន។ ជាពិសេសត្រូវតែមានសមត្ថភាពក្តាប់បាននូវព័ត៌មានទាំងអស់ មិនមែនរៀបចំរចនាសម្ព័ន្ធដើម្បីឲ្យតែមាននោះទេ គឺត្រូវតែធ្វើការងារឲ្យមានប្រសិទ្ធភាព និងទំនួលខុសត្រូវរៀងៗខ្លួន។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button