សាមណសិស្ស ចំនួន៣៥អង្គ/នាក់ ទទួលបានអាហាររូបករណ៍ ពីអង្គការគ្រួសារកុមារអភិវឌ្ឍន៍ហៅកាត់FRA
ខេត្តបន្ទាយមានជ័យ៖នៅសាលាពុទ្ធិកវិទ្យាល័យ សម្ដេចជាស៊ីម ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ អង្គការគ្រួសារកុមារអភិវឌ្ឍន៍ហៅកាត់FRA ប្រចាំនៅកម្ពុជា ដែលជាអង្គការ មានវត្តមាននៅលើទឹកដីនៃកោះតៃវ៉ាន់ បានរៀបចំផ្តល់ប្រគេននូវ អាហារូបករណ៍ដល់ សមណៈសិស្ស ចំនួន ៣៥អង្គ/នាក់ ដែលមានជីវភាពលំបាកសម្រាប់បន្តការសិក្សារៀនសូត្រដល់ថ្នាក់ខ្ពស់ទៀត។
លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា អង្គការFRA នេះមានអ្នកស្រីយ៉ាំងអួយលីន ជានាយិកា បានខិតខំកៀងគររក មូលនិធិពីប្រជាជន រស់នៅលើទឹកដីនៃកោះតៃវ៉ាន់ដែលមានទឹកចិត្តអាណិតស្រឡាញ់មកលើប្រជាជនកម្ពុជា ដោយការផ្ដល់អាហារូបករណ៍សរុបចំនួន៥ លើករួចមកហើយ។មិនតែប៉ុណ្ណោះអង្គការតែងតែចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋទីទាល់ក្រងាយរងគ្រោះ និងរងគ្រោះដោយគ្រោះធម្មជាតិជាពិសេសបានជួយឧបត្ថម្ភប្រគេនទេយ្យទាន ព្រះសង្ឃក្នុងខេត្តបន្ទាយមានជ័យទាំងមូលក្នុងកាលៈទេសៈនៃជំងឺរាតត្បាតកូវីដ19 និងបានជួយជួសជុលសាលាពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីមផងដែរ។
អ្នកស្រីយ៉ាំង អួយលីន បានមានប្រសាសន៍តាមវីដេអូអនឡាញ ពីទឹកដីនៃកោះតៃវ៉ាន់បានបញ្ជាក់ថា ការសិក្សារៀនសូត្រគឺមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប មានចំណេះវិជ្ជាគឺមានអ្វីអ្វីទាំងអស់។
លោកស្រីបានបន្តថា រយៈកាលកន្លងមកក៏មានការព្រួយបារម្ភចំពោះជំងឺកូវីដ១៩ ដែលធ្វើឱ្យសមណៈសិស្ស សិស្សពុំបាន សិក្សារៀនសូត្រ។តែពេលនេះរូបគាត់សប្បាយចិត្តរីករាយនឹងការជួយឧបត្ថម្ភផ្តល់អាហាររូបករណ៍ដើម្បីឲ្យសមណៈសិស្ស សិស្សរៀនសូត្របន្តដល់ថ្នាក់ឧត្តម។ហើយលោកស្រីក៏សូមផ្តាំផ្ញើត្រូវខិតខំរៀនសូត្រឲ្យបានជាប់លាប់ ដើម្បីក្លាយជាធនធានមនុស្សដ៏ពិតប្រាកដជាប្រយោជន៍បម្រើដល់ប្រទេសជាតិនិងខ្លួនឯងផងដែរ ហើយលោកស្រីនឹងបន្តជួយជារៀងរាល់ឆ្នាំដល់ សមណៈសិស្ស សិស្ស ក្រខ្សត់។
ព្រះឧត្តមសីលញ្ញាណ ធុលសុធា ព្រះមេគណខេត្តបានមានសង្ឃដីកាថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការFRA ពិសេសប្រជាជន នៃកោះតៃវ៉ាន់ដែលតែងតែឧបត្ថម្ភថវិកាជាច្រើនម៉ឺនដុល្លារសហរដ្ឋអាមេរិកនាំប្រជាពលរដ្ឋកម្ពុជា។
សូមបញ្ជាក់ផងដែរថាការផ្តល់អាហារូបករណ៍នៅពេលនេះក្នុងមួយអង្គនាក់ ទទួលបាន៥០០ដុល្លារសហរដ្ឋអាមេរិក៕