ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំសាមញ្ញលើកទី ៣៦ អាណត្តិទី៣ របស់ខ្លួននៅសាលាខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃព្រហស្បតិ៍ ១០កើតខែ ជេស្ឋ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ។
ផ្ដើមបើកអង្គប្រជុំរបស់ក្រុមប្រឹក្សាខេត្តនាថ្ងៃនេះផងដែរ ឯកឧត្តម ខេង ស៊ុម បានមានប្រសាសន៍លើកឡើង លើសេចក្ដីព្រាងរបៀបវារៈរួមមាន ពិនិត្យពិភាក្សា និងអនុម័តលើសេចក្ដីព្រាងផ្សេងៗ។ ក្នុងនោះផងដែរលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានលើកឡើងថាបច្ចុប្បន្ននេះមានបញ្ហាប្រឈមមួយចំនួន លើផ្នែកកសិកម្មពិសេសដំណាំស្រូវប្រាំង ក្នុងតំបន់ឃុំសឿ និងឃុំចំណោមមានការខ្វះខាតទឹកបញ្ចូល ស្រែស្រូវដែលកំពុងលូតលាស់ល្អ មូលហេតុខ្វះប្រព័ន្ធប្រឡាយបង្ហូរ ដោយសារក្រុមហ៊ុនកំពុងធ្វើការជួសជុលសំណង់ប្រឡាយ ដោយបានធ្វើការបិទច្រកទឹកជិត ហើយតំបន់នោះពុំសូវមានភ្លៀងធ្លាក់ទៀតផង។រីឯខាងតំបន់ស្រុកភ្នំស្រុកវិញនោះ គឺប្រជាកសិករពុំអាចធ្វើស្រែបាននៅឡើយនោះទេ មូលហេតុទឹកនៅតំបន់នោះច្រើនពេកគ្មានកន្លែងបណ្ដោះទឹកចេញឡើយ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍លើកឡើងថា ការធ្វើដំណើរវិលត្រឡប់ចូលមកវិញ របស់បងប្អូនពលករមកពីប្រទេសថៃ នៅតែមានជារៀងរាល់ថ្ងៃតាមរយៈច្រកទាំង ៤ រួមមានៈច្រកប៉ោយប៉ែត ច្រកម៉ាឡៃ ច្រកបឹងត្រកួន និងច្រកអូបីជាន់។ក្នុងនោះបងប្អូនបានចាក់វ៉ាក់សាំងមួយចំនួនធំ ហើយបើបងប្អូនមិនបានចាក់វ៉ាក់សាំងនោះទេ ត្រូវបន្តធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកងវ៉ា។
ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍បន្តថា ការងារព្រំដែនកន្លងទៅថ្មីៗនេះ ខាងភាគីថៃបានប្រកាសបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែត សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋបានចេញចូល ដោយភ្ជាប់នូវប័ណ្ណព្រំដែន និងលិខិតឆ្លងដែន ទើបអនុញ្ញាតឲ្យចូលទៅបាន ហើយការធ្វើបណ្ណព្រំដែនមានចំនួនពីរកន្លែងគឺ អង្គភាពច្រកចេញចូលតែមួយនៅសាលាខេត្តបន្ទាយមានជ័យ និងនៅការិយាល័យច្រកចេញចូលតែមួយក្រុងប៉ោយប៉ែត។
ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍លើកឡើងថា នាចុងខែមិថុនាខាងមុខនេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តនិងធ្វើពិធីប្រកាសលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដូចជាសមាសភាពក្រុមប្រឹក្សាឃុំសង្កាត់ថ្មី គឺអាណត្តិទី ៥ ២០២២–២០២៧ ត្រូវបន្តខិតខំចូលរួមសហការរួមគ្នា បម្រើលើវិស័យសាធារណៈជូនប្រជាពលរដ្ឋ អោយបានល្អទាន់ពេលវេលា នឹងបន្តពង្រឹងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ ពិសេស ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕