អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្នុងក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង១២និង៣៥នាទីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ភ្លៀន សុជា(ជា) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីលួចម៉ូតូ ដែលប្រព្រឹត្តកាលពីវេលាម៉ោង២១និង៤៦នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្នុងកាស៊ីណូពូលី ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ករណីនេះធ្វើឡើងតាមពាក្យបណ្ដឹងឈ្មោះ ហុង តៃម៉ូ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងពីជនរងគ្រោះស្ដីពីករណីលួច(ម៉ូតូ)កាលពីវេលាម៉ោង២១ និង៤៦នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្នុងកាស៊ីណូ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ក្រោយទទួលបានបណ្តឹង និងទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានសហការពីប្រធានសន្តិសុខឯកជន បានរកឃេីញមុខសញ្ញាដែលកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថតាមរក ហើយឃាត់ខ្លួនជនសង្ស័យនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ដើមបណ្ដឹងខាងលើពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕