សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន រៀបចំពិធីអបអរសាទរ ទិវាជាតិសុខភាព មាតា ទារក និងកុមារ ក្នុងសាលាឃុំសាលាក្រៅ
ខេត្តប៉ៃលិន៖នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅក្នុងសាលាឃុំសាលាក្រៅ ដោយមានការចង្អុលដឹកនាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា អនុសាខាស្រុកសាលាក្រៅ យុវជនកាកបាទក្រហម និងមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពី «សារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា–ទារក ពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ–១៩» ជូនដល់ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជចំនួន១៦នាក់ នៅសាលាឃុំសាលាក្រៅ ក្នុងឱកាសអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២២។
នៅក្នុងឱកាសនោះ លោកជំទាវ ពៅ សុខសមាជិកក្រុមប្រឹក្សាខេត្តនិងជា អនុប្រធានអចិន្រ្តៃយ៍សាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវ បាន ស្រមុំ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រ ហមកម្ពុជា ខេត្តប៉ៃលិន និងអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនបង–ប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជម្រាបជូនពីស្ថានភាពសុខភាពមាតា ទារក និងកុមារ នៅកម្ពុជា ក្នុងបរិបទនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទជំងឺកូវីដ–១៩ រួមជាមួយនឹងអ្វីដែលកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បាននិងកំពុងរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់សុខុមាលភាពស្រ្តី និងកុមារ ឈានឆ្ពោះការសម្រេចបានគោលដៅអភិវឌ្ឍន៍មានចីរភាពឆ្នាំ២០៣០»។
ក្រុមប្រតិបត្តិសាខាបានបន្តផ្សព្វផ្សាយអំពីជំងឺកូវីដ ១៩ ច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រើប្រាស់បដិរូបកាក បាទក្រហម–អឌ្ឍចន្ទក្រហម ដើម្បីអោយបងប្អូនប្រជាពលរដ្ឋយល់ដឹងបន្ថែម និងរៀនរស់នៅជាមួយកូវីដ–១៩ ដោយត្រូវមានអនាម័យល្អ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ចំពោះការធ្វើដំណើរទៅទីជិតទីឆ្ងាយ ត្រូវតែពាក់មួកសុវត្តិភាព និងម៉ាសជាប់ជាប្រចាំ ដើម្បីចូលរួមការពារមេរោគកូវីដ-19 បម្លែងថ្មី អូរមេក្រុង ដ៏កាចសាហាវនេះ ត្រូវបានលើកទឹកចិត្តអោយ បងប្អូនប្រជាពលរដ្ឋទូទៅ អនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ៣ការពារ និង ៣កុំ ព្រមទាំងសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រ យុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ–១៩ កុំអោយមានការរីករាលដាលបន្តចូលក្នុងសហគមន៍បានទៀត។
ជាមួយគ្នា ក្រុមការងារ ក៏បានផ្តល់នូវអំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងម្នាក់ៗ ទទួលបាន៖ សម្ភារៈកូនង៉ែត ១កញ្ចប់ ជែលលាងដៃ២ដប (កន្លះលីត្រ) ម៉ាស៥បន្ទះ និងថវិកាចំនួន ២០,០០០រៀល៕