បង្កក់កូនផឹកស៊ីហូកញ្ជ្រៀវរំខានដល់អ្នកជិតខាង ត្រូវជនដៃដល់បាញ់ប្រហា បណ្តាលឲ្យពលករខ្មែរចំនួន៣នាក់ រងរបួសដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ
(ប្រទេសថៃ)៖យ៉ាងហោចណាស់ក៏មានពលករខ្មែរចំនួន៣នាក់ បានរងរបួសធ្ងន់ កំពុងត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ ក្រោយពីពួកគេបាននាំគ្នាផឹកស៊ីចាក់បាស់លាន់ឮខ្លាំងធ្វើឲ្យរំខានដល់អ្នកជិតខាង ក្នុងកម្មវិធីបង្កក់កូនដែលទើបនឹងកើត ត្រូវមាន់កាំភ្លើងបាញ់ប្រហារកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចក្បែកំណាត់ផ្លូវសុខាភិបាល៦ ស្ថិតក្នុងភូមិ១២ ឃុំបាងភ្លីយ៉ៃ ស្រុកបាងភ្លី ខេត្តសមុតប្រាកាន ប្រទេសថៃ។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ។
ប្រភពដដែលបន្តថា តាមការរៀបរាប់ពីនារីម្នាក់ឈ្មោះ ណាង ជាពលករខ្មែរ និងត្រូវជាប្អូនរបស់ជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ គឺឈ្មោះ ថម ជាពលករខ្មែរបានទៅទទួលយកប្រពន្ធដែលសម្រាលកូនរួចចេញពីមន្ទីរពេទ្យ ព្រមទាំងបានហៅគ្នីគ្នាដែលជាខ្មែរដូចគ្នា មកចូលរួមផឹកស៊ី ក្នុងន័យបង្កក់កូនរបស់ខ្លួន។
នាងបានបន្តថា លុះដល់ប្រហែលម៉ោង១១យប់ ដោយសារតែការចាក់បាស់ និងស្រែកច្រៀង ឮខ្លាំងៗស្រាប់តែឈ្មោះ ណុក ដែលជាជនជាតិថៃ ស្នាក់នៅចម្ងាយប្រហែល៥០ម៉ែត្រ ពីកន្លែងផឹកស៊ី ទំនងជាមានការរំខាន បានគ្រវែងដបស្រាចំនួន២ដប មកកណ្តាលវង់ បណ្តាលអោយត្រូវក្បាលឈ្មោះ ថម និងឈ្មោះ ថាវ បែកក្បាលហូរឈាមស្រោចពេញខ្លួន ទើបពួកគេស្ទុះទៅរកអ្នកបង្កហេតុ ក៏ត្រូវឈ្មោះ ណុក បាញ់១គ្រាប់ ត្រូវចំពោះទៅលើឈ្មោះ ធារី ដែលជាពលករខ្មែរទាំងអស់ទើបនាំគ្នាបញ្ជូនទៅមន្ទីរពេទ្យ ទាំងយប់ដើម្បីសង្គ្រោះ។
សមត្ថកិច្ចថៃបានអះអាងថា ជនសង្ស័យគឺជាជនជាតិថៃ មកស្នាក់នៅដើម្បីម៉ៅការរៀបចំប្រព័ន្ធភ្លើងក្នុងកន្លែងកសាង ហើយបានរត់គេចខ្លួនមុនពេលតម្រួតចុះទៅដល់ ប៉ុន្តែបច្ចុប្បន្នតម្រួតថៃកំពុងតាមចាប់ខ្លួនយកមកដោះស្រាយតាមផ្លូវច្បាប់ ៕