ព័ត៌មានជាតិ

រដ្ឋបាលខេត្តកោះកុង រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ចំនួន៥០០នាក់ នៅស្រុកបូទុមសាគរ ខេត្តកោះកុង

ថ្ងៃសៅរ៍ទី៨ ខែមករា ឆ្នាំ២០២២ លោកជំទាវ ឈី វ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង ប្រធាន ស.ស.យ.ក. ខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងកម្មវិធី បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ចំនួន៥០០នាក់ នៅស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីអបអរសាទរខួបទី ៤៣ នៃទិវាជ័យជម្នះលើរបបប្រល័យ ពូជសាសន៍ (៧ មករា ១៩៧៩ – ៧ មករា ២០២២)។
លោកជំទាវ បានមានប្រសាសន៍ថា ថ្ងៃនេះ នាងខ្ញុំពិតជាមានសេចក្តីរីករាយជាអនេក ដែលបានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ដើម្បីអបអរសាទរខួបលើកទី៤៣ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍(៧ មករា ១៩៧៩ – ៧ មករា ២០២២ នាងខ្ញុំសូមសម្តែងនូវការសាទរ និងអរគុណជាពិសេសចំពោះ សប្បុរសជន ទាំងអស់ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាម នាពេលបន្តិចទៀតនេះ ដែលតាមការគ្រោងទុកគឺមានចំនួន ៥០០នាក់ ដើម្បីរួមចំណែកប្រើប្រាស់ឈាមបានទាន់ពេលវេលាក្នុងការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ និងជនងាយរងគ្រោះដោយការខ្វះឈាម។ ផ្អែកតាមការសិក្សាផ្នែកជីវសាស្ត្រ បានបង្ហាញថា គឺជាសារធាតុដែលមានសារៈសំខាន់ និងចាំបាច់ បំផុតសម្រាប់រាងកាយរបស់មនុស្សម្នាក់ៗ ដែលវាមានតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំអុកស៊ីសែន និងសារធាតុ ចិញ្ចឹម កសំណល់ និងគ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយបានទៀតផង។ វាត្រូវបានផលិតចេញពីខួរឆ្អឹង រួច បញ្ចេញចូលទៅក្នុងចរន្តឈាម ហើយអាចរស់រានមានជីវិតជាមធ្យមត្រឹមតែ ១២០ថ្ងៃតែប៉ុណ្ណោះ ហើយវានឹងត្រូវបានបំផ្លាញចោល និងផលិតថ្មី យ៉ាងឆាប់រហ័សមកវិញ។ ហេតុដូចនេះ ការបរិច្ចាគឈាម មិនធ្វើអោយប៉ះពាល់ដល់ សុខភាពអ្នកបរិច្ចាគឡើយ។ នៅមុនពេលធ្វើការបរិច្ចាគ អ្នកស្ម័គ្រចិត្តគឺសុទ្ធតែទទួលបាន ការត្រួតពិនិត្យសុខភាព ត្រឹមត្រូវ។ ក្នុងករណីដែលគ្រូពេទ្យពិនិត្យឃើញថាសុខភាពមិនបរិបូរទេនោះ គ្រូពេទ្យនឹងមិនអនុញ្ញាតអោយធ្វើការ បរិច្ចាគនោះឡើយ។ ម៉្យាងទៀត ការបរិច្ចាគឈាមគឺជាគុណធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ជាទឹកចិត្តមនុស្ស ធម៌ដ៏ធំធេង ក្នុងការជួយសង្គ្រោះជីវិតមនុស្ស បើនិយាយតាមធម៌ព្រះពុទ្ធ ការបរិច្ចាគនេះជាសទ្ធាដ៏ថ្លៃថ្លា ដែលទទួលបានបុណ្យកុសលយ៉ាងច្រើនលើសលប់ ព្រោះជាអំពើល្អ អំពើកុសលដែលអាចជួយសង្គ្រោះជីវិតមនុស្ស ។ ឈាម របស់សប្បុរសជនទាំងអស់ នឹងក្លាយជាឱសថទិព្វ អាចជួយសង្គ្រោះដល់អាយុជីវិត របស់មនុស្សជាច្រើន ដែលកំពុង បាត់បង់ឈាម ដោយសារមូលហេតុផ្សេងៗដូចជា គ្រោះថ្នាក់ចរាចរណ៍ អ្នកដែលត្រូវវះកាត់ធ្ងន់ធ្ងរ ម្ដាយដែលកំពុង ឆ្លងទន្លេ និងអ្នកជំងឺផ្សេងៗជាច្រើនទៀត។
នាងខ្ញុំសូមឆ្លៀតឱកាសជម្រាបជូនថា តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថា នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង តម្រូវការប្រើប្រាស់ឈាមប្រហែល ១៥ ទៅ ២០ប្លោកក្នុង១ខែ ដែលចំនួនប្រើប្រាស់ នេះមិនសមាមាត្រទៅនឹង ការបរិច្ចាគរបស់សប្បុរសជននោះទេ ហេតុដូចនេះ ដើម្បីអោយឆ្លើយតបនឹងការជួយ សង្គ្រោះជីវិតអ្នកជំងឺអោយបានទាន់ពេលវេលា ជាគោលការណ៍ គឺតម្រូវអោយសាច់ញាតិ រឺមិត្តភក្ដិអ្នកជំងឺ បរិច្ចាគឈាមប្រសិនបើអ្នកជំងឺត្រូវការបញ្ចូលឈាម។ ប៉ុន្តែ រាល់ឈាមដែលបានបូមចេញមក មិនសុទ្ធតែមានសុវត្ថិភាព ប្រើប្រាស់បានទាំងអស់នោះទេ ជាទូទៅក្នុងចំណោមឈាមដែលបានមក ១០ប្លោក មានសុវត្ថិភាពប្រើប្រាស់បានត ៨ ទៅ៩ ប្លោកតែប៉ុណ្ណោះ ហេតុដូចនេះ តំរូវការឈាមមានការខ្វះខាតនៅឡើយ សម្រាប់ខេត្តកោះកុងយើង។
នាងខ្ញុំក៏សូមធ្វើការអំពាវនាវ និងលើកទឹកចិត្តអោយសប្បុរសជនទាំងអស់ ចូលរួមបរិច្ចាគឈាមដោយស្ម័គចិត្រ និងដោយមិនមានការបង្ខិតបង្ខំ រឺភ័យខ្លាចឡើយ។ ការបរិច្ចាគឈាម បានរួមចំណែកដល់ការជួយជីវិតរបស់មនុស្ស គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ តាមរយៈការបរិច្ចាគនេះផងដែរ ក៏បានបង្ហាញពីទឹកចិត្តដ៏ថ្លៃថ្លា ការយកចិត្តទុកដាក់ និងការចេះជួយគ្នាទៅវិញទៅមករបស់ប្រជាជនកម្ពុជា ដែលជាវប្បធម៌ដ៏ល្អប្រពៃរបស់ប្រជាជន ខ្មែរយើងតាំងពីបុរាណកាលមក។ នាងខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថា ចាប់ពីពេលនេះតទៅ និងមិនមានប្រជាជនកម្ពុជា ណាម្នាក់ស្លាប់ដោយសារខ្វះឈាមទៀតឡើយ ៖ មានឈាម មានជីវិត មានជីវិតរស់នៅជាមួយគ្នា គឺត្រូវផ្តល់ឈាម បរិច្ចាគឈាម គឺសង្គ្រោះជីវិត !!៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button