ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ សមាជិកសមាជិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ

ព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយសសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខសមាជិកសមាជិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុចំនួនជាង ៣០០នាក់នៅក្នុងស្រុកព្រៃនប់។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ក្នុងពិធីសំណេះសំណាលជួបជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុដោយលើថាកត្តាសន្តិភាពគឺធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ ហើយពន្លត់បាននូវភ្លើងសង្គ្រាមដែលកន្លងមក បងប្អូនអតីតយុទ្ធជនដែលបានឆ្លងកាត់នូវភ្នក់ភ្លើងសង្រ្គាមនិរាសព្រាត់ប្រាស់ក្រុមគ្រួសារពលី និងពិការរភាពរហូតដល់បច្ចុប្បន្ន។ តែដោយការខិតខំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយយកជីវិតប្តូរយកមកនូវសន្តិភាពដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ មានការអភិវឌ្ឍធ្វើឱ្យបងប្អូនអតីតយុទ្ធជនទាំងអស់មានរបប និងប្រាក់ឧបត្ថម្ភសោធននិវត្តន៍មានការកើនឡើងជាបន្តបន្ទាប់ ទាំងអស់នេះគឺដោយកត្តាសន្តិភាព និងការអភិវឌ្ឍ។ ដោយក្នុងនោះ អ៊ុំពូម៉ីងបងប្រុសបងស្រី ជាសមាជិកសមាជិកាសមាគមអតីតយុទ្ធជន គឺជាអ្នកបានលះបង់ និងរួមចំណែកដោយផ្ទាល់ដើម្បីធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍មកដល់ថ្ងៃនេះ។ ក្នុងឆ្នាំកន្លងទៅ ព្រះរាជាណាចក្រកម្ពុជាបានជួបនូវវិបត្តិនៃជំងឺកូវីដ-១៩ ធ្វើឱ្យសេដ្ឋកិច្ចមានការធ្លាក់ចុះហើយទោះជាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែគិតគូរអំពីសុខទុក្ខ និងប្រាក់ឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជនបានជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ២០២២នេះគឺប្រាក់សោធននិវត្តន៍របស់បងប្អូនអតីតយុទ្ធជនក៏មានការកើនឡើងវិញផងដែរ។
ឯកឧត្តមក៏បានសុំឱ្យបងប្អូនអតីតយុទ្ធជនទាំងអស់ត្រូវចូលរួមថែរក្សាតម្លៃសន្តិភាពឱ្យបានគង់វង្ស ដើម្បីបង្កើនសេដ្ឋកិច្ចជាតិ បង្កើនមុខរបរដល់ក្រុមគ្រួសារ និងការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគតឱ្យបានគង់វង្សឋិតថេរជាអមតៈ។
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងថាសូមឱ្យបងប្អូនអតីតយុទ្ធជនទាំងអស់ សូមកុំជឿលើការឃោសនាគតិរបស់ជនជ្រុលនិយមដែលធ្វើឱ្យប្រទេសជាតិអស្ថិរភាព បង្កចលាចល អសន្តិសុខធ្វើឱ្យនិងសេដ្ឋកិច្ចជាតិធ្លាក់ចុះ។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថានៅប៉ុន្មានថ្ងៃខាងមុខនេះ គឺនឹងមានការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដូច្នេះសូមឱ្យបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានេះឯកឧត្តមក៏បានអំពាវនាវបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស និងបន្តទៅដូសជម្រុញដើម្បីបង្កើនភាពស៊ាំ។
អំណោយដែលចែកជូនបងប្អូនអតីតយុទ្ធជននាឱកាសនេះរួមមានអង្ករ២០គីឡូ មី១កេស ត្រីខ ម៉ាស និងថវិកា ៥ម៉ឺនរៀល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button