ព័ត៌មានជាតិ

កាកបាទក្រហម ខេត្តបន្ទាយមានជ័យផ្តល់អំណោយជូនដល់ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ:នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិរយៈកាលកន្លងមក នៅក្នុងកំឡុងជំងឺកូវីដ១៩ ដើម្បីរំលែកនូវទុក្ខលំបាកផ្នែកក្នុងជីវភាពបានមួយគ្រា។

ពិធីនេះបានធ្វើឡើងនៅសាលាស្រុកម៉ាឡៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ នួម សុភ័ណ្ឌ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត និងលោក លោកស្រីសមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យផងដែរ។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេច ប្រធានតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីមិនថាទីជិតឬឆ្ងាយ ។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា រាល់អំណោយមនុស្សធម៌ដែលបានយកមកចែកជូននៅពេលនេះ គឺបានមកពីការបរិច្ចាគពីសំណាក់ ឯកឧត្ដម លោកឧកញ៉ា លោកជំទាវ និង សប្បុរសជនមួយចំនួន ដែលបានចំណាយទ្រព្យធនផ្ទាល់ខ្លួនចូលរួមចែករំលែក តាមរយៈកាកបាទក្រហម សម្រាប់ចែកជូនបងប្អូនរងគ្រោះជួបការលំបាក ដោយមិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។

ចុងក្រោយឯកឧត្តមបានធ្វើការក្រើនរំលឹកផ្ដាំផ្ញើ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមរក្សាបន្តអនុវត្តបង្ការការពារ នូវជំងឺកូវីដ១៩ ព្រោះថាជម្ងឺនេះ មិនទាន់ផុតរលត់នៅឡើយនោះទេ វាគ្រាន់តែមានការថមថយតែប៉ុណ្ណោះ។

អំណោយនេះគឺមានការផ្តល់ជូនដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតចំនួន៤០គ្រួសារមកពី៤ឃុំ នៅក្នុងឃុំម៉ាឡៃ ឃុំអូរសំព័រ ឃុំអូរស្រឡៅនិងឃុំទួលពង្រ នៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករនាងមុិញម្ភៃ២៥គីឡូក្រាម មីមួយកេស ត្រីខមួយយួរ ទឹកស៊ីអ៊ីវ ប្រាំមួយដប ប្រេងឆា១លីត្រ ម្សៅសាប៊ូម្សៅ មួយគីឡូក្រាម មុង១ ភួយ១ សារុងមួយ ក្រមា១ អាវយឺត៥ និងថវិកាមួយចំនួនផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button