ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានឃុំ ស្រុក

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលការបំពេញការងារ និងផ្តល់សេវារដ្ឋបាលជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ នៅរដ្ឋបាលឃុំ និងការិយាល័យច្រកចេញចូលតែមួយ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យព្រះថ្ងៃអង្គារទី៤ ខែមករា ឆ្នាំ២០២២។
អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ក្រើនរម្លឹកដោយជម្រុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ និងលោកមេឃុំក្រុមប្រឹក្សាឃុំ ស្មៀនឲ្យប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចដោយតម្រូវមានការទំនាក់ទំនងល្អ និងផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿនទាន់ពេល និងមានតម្លាភាពប្រកបដោយប្រសិទ្ធិភាព។
ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃបានបង្កើតនូវអង្គភាពច្រកចេញចូលតែមួយនេះឡើង គឺដើម្បជម្រុញការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋានសំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់ការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។
អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ទៀតថា តាមច្រកចេញចូលតែមួយនេះហើយ ដែលបានជម្រុញឲ្យល្បឿនការងារទាំងឡាយ ដែលបានអនុវត្តន៍កន្លងមករហូតដល់បច្ចុប្បន្នគឺទទួលបានការសាទរគាំទ្រពីប្រជាពលរដ្ឋទូទៅ ហើយរាជរដ្ឋាភិបាលក៍បាននឹងកំពុងជម្រុញបន្តបង្កើតនូវច្រកចេញចូលតែមួយនេះនៅតាមបណ្តាស្រុកផ្សេងៗទៀត ដែលមិនទាន់មាន ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានលឿន។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរម្លឹកដល់មន្ត្រីពាក់ព័ន្ធ បម្រើក្នុងអង្គភាពច្រកចេញចូលតែមួយ នៅស្រុកដែលបានបង្កើតឡើងនេះ និងមន្ត្រីនៅគ្រប់មូលដ្ឋានឃុំទាំងអស់ គប្បីត្រូវប្រកាន់ភ្ជាប់គោលការណ៍សំខាន់៥យ៉ាងគឺ សាមញ្ញ សីលធម៌ វិជ្ជាជីវៈ គណនេយ្យភាព ភាពជឿទុកចិត្តតម្លាភាពក្នុងការបំពេញការងារដោយខិតខំប្រមូលផ្តុំបង្កើនប្រសិទ្ធិភាពផ្តល់សេវាសាធារណៈ ការផ្តល់ប្រយោជន៍នានា ក្នុងការអភិវឌ្ឍ គាំពាសង្គម ប្រកបដោយសីលធម៌ និងខិតខំដោះស្រាយបញ្ហាឆ្លើយតបរាល់សំណើ និងសំណូមពរប្រកបដោយប្រសិទ្ធិភាពខ្ពស់ជូនប្រជាពលរដ្ឋ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button