ព័ត៌មានជាតិ
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត
![](https://firstnewsexpress.com/wp-content/uploads/2021/12/270032273_4633710413351566_5353231181723173780_n-780x470.jpg)
ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់អភិបាលក្រុង-ស្រុកទាំង១១ ទូទាំងខេត្តកណ្ដាល ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការចុះបញ្ជីដីរដ្ឋ ដែលមិនទាន់បានរៀបចំចុះបញ្ជី ត្រូវស្នើសុំ និងសហការជាមួយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីធ្វើការចុះបញ្ជីឱ្យអស់នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីទុកជាសម្បត្តិរដ្ឋ សម្រាប់បម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនផ្ទាល់ ពិសេសគឺដើម្បីលប់បំបាត់ឱ្យបាននូវការទន្ទ្រាន ការកាន់កាប់ដោយអានាធិបតេយ្យ។
ទន្ទឹមនឹងការចុះបញ្ជីដីរដ្ឋ អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រងដីរដ្ឋដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសដីដែលបានចុះបញ្ជីរួចហើយ។ ពិសេសជាងនេះត្រូវទប់ស្កាត់ឱ្យបាននូវ ការរំលោភយកដីចំណីផ្លូវ ចំណីប្រឡាយ ចំណីព្រែក ចំណីអូរ ចំណីបឹង ដែលធ្វើឱ្យស្ទះនូវចរន្តទឹកហូរ រំដោះទឹកចេញពី បឹង បួរ បញ្ចៀសនូវការជន់លិចដីស្រែ និងផ្ទះរបស់ប្រជាពលរដ្ឋ។
ក្រៅពីការងារចុះបញ្ជីដីរដ្ឋ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់៕
![](http://www.vas-news.com/wp-content/uploads/2021/12/270032273_4633710413351566_5353231181723173780_n.jpg)
![](http://www.vas-news.com/wp-content/uploads/2021/12/269836302_4633710446684896_1858873514734727629_n.jpg)
![](http://www.vas-news.com/wp-content/uploads/2021/12/269985041_4633710476684893_4558874587851256631_n.jpg)
![](http://www.vas-news.com/wp-content/uploads/2021/12/270004104_4633710443351563_5512524023768453310_n.jpg)
![](http://www.vas-news.com/wp-content/uploads/2021/12/270032273_4633710413351566_5353231181723173780_n.jpg)