លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ អញ្ជើញចុះទស្សនកិច្ចសិក្សា«ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ វរសេនាតូចថ្មើរជើងលេខ៥១៣»

(បន្ទាយមានជ័យ):នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញជាអធិបតី ក្នុងពិធីទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ ដែលកំពុងឈរជើងនៅភូមិថ្មសិន សង្កាត់និម្មិត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការអញ្ជើញចូលរួមពី អាជ្ញាធរស្រុក កងរាជអាវុធហត្ថស្រុក អធិការនគរបាលស្រុក និងលោកមេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១១ ៥១២ ៥១៤ នាយការិយាល័យទាំង៩ កងអនិសេនាធំចំណុះកងពល។
លោកមេបញ្ជាការកងពល បានអញ្ជើញទស្សនាតាមខ្លឹមសារនិមួយៗ និងបាន ថ្លែងកោតសរសើរដល់អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តន៍តួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ក្រៅពីនោះ បានចូលបំពេញបេសកកម្មប្រតិបត្តិការសហការជាមួយកងកម្លាំងចម្រុះ ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ–១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដាក់ផែនការ ឱ្យបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាពនីមួយៗ រួមជាមួយបន្តអនុវត្តន៍ វិធានការ៣កុំ ៣ការពារ និង វិធានការសុខាភិបាល។
ជាចុងបញ្ចប់នៃកម្មវិធីលោកឧត្តមសេនីយ៍ មេបញ្ជាការ កងពល បានប្រគល់លិខិតថ្លែងអំណរគុណដល់សព្វបុរសជន កន្លងមកដែលតែងតែជួយឧបត្ថម្ភសម្ភារ ប្រើប្រាស់ផ្សេងៗ ក៏ដូចជាគ្រឿងឧបភោគបរិភោគ ជូនដល់អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣៕