ព័ត៌មានជាតិ

បុណ្យចូលឆ្នាំថ្មីរយៈពេល ០៣ថ្ងៃ បូករួមថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត មានភ្ញៀវជាង៥លាន១៧ម៉ឺននាក់ចេញដើរលេងកម្សាន្តទូទាំងប្រទេស

(ភ្នំពេញ): ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥.១៧៥.៧៥៤ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥.១៤០.៤៩៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥.២៥៩ នាក់
ក្នុងនោះ តួលេខប្រចាំថ្ងៃ រួមមាន៖
*ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ៨៦២.៨៩៧ នាក់
*ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ១.៥៧៩.២៥១ នាក់
* ថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ២.១៤៨.១៧៨ នាក់
* ថ្ងៃទី១៧ ខែមេសា៖ ភ្ញៀវមានចំនួន ៥៨៥.៤២៨ នាក់
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖
* ខេត្តបាត់ដំបង ៦៥៣.៨៩៦ នាក់
* ខេត្តកំពង់ចាម ៥៤១.៩០០ នាក់
* ខេត្តបន្ទាយមានជ័យ ៤៧១.១១៩ នាក់
* ខេត្តសៀមរាប ៤៥៥.៩៨៤ នាក់
* ខេត្តព្រៃវែង ៣៩៦.៣២៨ នាក់
* ខេត្តកំពង់ស្ពឺ ៣៤៥.០១៨ នាក់
* ខេត្តពោធិ៍សាត់ ៣៣៨.៩១៦ នាក់
* ខេត្តកំពង់ឆ្នាំង ៣០០.៥៦១ នាក់
* ខេត្តកំពត ២៨៤.៨៩៣ នាក់
* ខេត្តព្រះសីហនុ ២៦៤.៣០៨ នាក់
* រាជធានីភ្នំពេញ ២៤០.៤៦០ នាក់

ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានបន្តថា ចំនួនភ្ញៀវទេសចរប្រមាណជាង ៥លាននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែនចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាកំឡុងខែធ្នូ ឆ្នាំ២០២១កន្លងមក ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសាកលកន្លងមក ភ្ញៀវសរុបមានប្រមាណ ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន -វៀតណាម ភ្ញៀវសរុបមានប្រមាណ ៩៤ ម៉ឺននាក់។
ឯកឧត្តមបន្តទៀតថា ប្រជាពលរដ្ឋភាគច្រើន បានសម្រុកត្រលប់ចូលរាជធានីភ្នំពេញវិញចាប់តាំងពីពេលរសៀល ដែលបានធ្វើឲ្យចរាចរនៅតាមដងផ្លូវជាតិសំខាន់ៗ មានភាពកកកុញច្រើន។
ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ តាមបណ្តាសណ្ឋាគារ ប៊ូទីក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗស្ទើរគ្រប់ខេត្ត ដែលមានលទ្ធភាពបើក អាជីវកម្មឡើងវិញនោះ បានទទួលការកក់ពេញស្ទើរ ១០០%។ ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលស្ទើរពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគតាមផ្លូវ។
ឯកឧត្តមបានបន្តឲ្យដឹងថា វិស័យឯកជនក៏បានចូលរួមសំដែងនូវភាពរីករាយជាពន់ពេកចំពោះចរន្តភ្ញៀវដ៏ច្រើនលើសពីការរំពឹងទុកនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ ពិសេសការសម្រេចបានទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ និងការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវនានា។ការជឿជាក់លើភាពស៊ាំសហគមន៍តាមរយៈការទទួលបានវ៉ាក់សាំងដូសពេញលេញ និង ដូសបន្តបន្ទាប់ បានបង្កើតជាទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋក្នុងការដើរកម្សាន្តពាសពេញផ្ទៃប្រទេស ទោះបីជាពួកគាត់ភាគច្រើន បានជ្រើសជំរើសមិនពាក់ម៉ាស់។ ក្នុងន័យនេះ តាមការស្ទង់មតិនិងសង្កេតជាក់ស្តែង មិនមែនពួកគាត់មិនខ្លាចឆ្លងជំងឺកូវីដ-១៩ តែពួកគាត់ពិតជាមានក្តីរីករាយដែលបានដើរកម្សាន្តក្នុងឱកាសចូលឆ្នាំនេះ ដែលខកខានរៀបចំរយៈពេល២ឆ្នាំ ហើយក៏ជឿជាក់លើប្រសិទ្ធភាពនៃវ៉ាក់សាំង ហើយ ម្យ៉ាងទៀតពួកគាត់ក៏មានទំនុកទុកចិត្តថា ប្រសិនបើមានការឆ្លង ជំងឺកូវីដ ក៏ពួកគាត់អាចព្យាបាលខ្លួនឯង នៅផ្ទះបានផង ដែរ។
ជារួម ក្រោមម្លប់នៃសន្តិភាព និងសន្តិសុខពេញលេញលើផ្ទៃប្រទេស ស្ថានភាពហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់យ៉ាង ល្អប្រសើរ ទៅកាន់គ្រប់ប៉ូលសេដ្ឋកិច្ច និងគោលដៅទេសចរណ៍សំខាន់ៗ របស់ប្រទេសជាតិ ពិសេសក្រោមការដឹកនាំដ៏ឆ្លាតវៃ ប៉ិនប្រសប់ ម៉ឺងម៉ាត់ បុរេសកម្ម របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការផ្តល់វ៉ាក់សាំងដូសពេញលេញ និងដូសជំរុញបន្តបន្ទាប់ជូនប្រជាពលរដ្ឋ ដែលបង្កើតបានភាពសុំាសហគមន៍ គួរជាទីទុកចិត្ត និងវិធានការបង្ការ ការពារ (៣កុំ ៣ការពារ) និង វិធីសាស្ត្រ ដែលអាចព្យាបាលដោយខ្លួនឯង បានបង្កលក្ខណះអោយប្រជាពលរដ្ឋ មានឱកាសដើរកម្សាន្តដោយរីករាយជាមួយនឹងគោលដៅ និងផលិតផលទេសចរណ៍ថ្មីៗ ប្លែកៗ ដ៏ទាក់ទាញដែលបានឆក់យកឱកាសរៀបចំបង្កើត និងអភិវឌ្ឍន៍ឡើងក្នុងពេលវិបត្តិកូវីដ ១៩នេះ។
ចំពោះការចំណាយរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងពេលចូលឆ្នាំ ៣ថ្ងៃ នេះ យោងតាមការសាកសួរ និងស្ទង់មតិបឋម ចំពោះគ្រួរសារមួយ ដែលមានគ្នា ៥នាក់ ហើយធ្វើដំណើរកំសាន្ត ឆ្ងាយពីផ្ទះ ក្នុងពេល៣ថ្ងៃនេះ ពួកគាត់បានចំណាយមិនតិចជាង ៥០០ដុល្លារទេ ( គិតរួមទាំងចំណាយស្នាក់នៅ ហូបចុក ធ្វើដំណើរ(ចាក់សាំង) រួមទាំងការទិញទំនិញផ្សេងៗ រៀបចំ រណ្តាប់ បង្សកូល និងចង្ហាន់ទៅវត្តផង) ។​​​​​​​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button