ព័ត៌មានជាតិ

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយស្ដ្រីជា គ្រូបង្រៀន គ្រូពេទ្យ និងនិស្សិត ដើម្បីអបអរសាទរ ខួបលើកទី ១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២

នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយស្ដ្រីជា គ្រូបង្រៀន គ្រូពេទ្យ និងនិស្សិត ដើម្បីអបអរសាទរ ខួបលើកទី ១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២។
លោកជំទាវអភិបាលខេត្ត បានលើកឡើង ថ្ងៃនេះក្នុងនាមខ្ញុំជា អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានកិត្តិយស គណៈកម្មការ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ខ្ញុំពិតជាមានកិត្តិយស និងក្ដីសោមនស្សរីករាយជាអនេក ដោយបានមកចូលរួមជាមួយ លោកជំទាវ លោកស្រី ប្អូនៗ ក្នុងឱកាសប្រារព្ធពិធី អបអរសាទរ ខួបលើកទី ១១១ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមមូលបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត”។ ខ្ញុំសូមថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការងារសង្គមរបស់លោកជំទាវ លោកស្រី ជាពិសេសអ្នកគ្រូពេទ្យ នៅក្នុងបរិបទកូវីដ-១៩ ចាប់តាំងពីចុងឆ្នាំ២០១៩ ដល់បច្ចុប្បន្ន មានការមមាញឹកយ៉ាងខ្លាំង ដូចជាការផ្ដល់សេវាថែទាំ និងព្យាបាលអ្នកជំងឺទូទៅ ក៏ដូចជាអ្នកជំងឺកូវីដ-១៩។ ក្នុងនោះផងដែរគ្រូបង្រៀន ក៏បានរួមចំណែកអប់រំ ណែនាំផ្ដល់នូវចំណេះដឹង ចំណេះធ្វើ និងបណ្ដុះបណ្ដាល ដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី។ ចំណែកប្អូននិស្សិតដែលជាអ្នកបន្តវេន ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ក្រេបជញ្ជក់យកនូវអ្វីដែលបានទទួលពីសាលា ដើម្បីធ្វើជាគ្រឹះរឹងមាំសម្រាប់អនាគតខ្លួនផ្ទាល់ និងដើម្បីអភិវឌ្ឍន៍ សង្គមជាតិឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកោះកុង និងជាសមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមការងារទាំងអស់ ដែលបានយកចិត្ត ទុកដាក់ជួយបង្កលក្ខណៈ និងគាំទ្រគ្រប់បែបយ៉ាងដល់គណៈកម្មការសាខាសមាគមនារីខេត្ត ឱ្យអាចដំណើរការសកម្មភាពរបស់ខ្លួនបានយ៉ាងរលូន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button