ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងជំរុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការត្រួតពិនិត្យរកសារធាតុញៀនលើអ្នកបើកបររថយន្តធន់ធំជាប្រចាំ

នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងជម្រុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការត្រួតពិនិត្យរកសារធាតុញៀនលើអ្នកបើកបររថយន្តធន់ធំជាប្រចាំ។
ជាមួយគ្នានោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអប់រំណែនាំដល់អ្នកបើកបររថយន្តដែលកងកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើតេស្តរកឃើញនៅសារធាតុញៀនចំនួន០២នាក់ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន ហើយដោយក្នុងនោះឯកឧត្តមអភិបាលខេត្ត បានលើកឡើងថាការប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់ ជាពិសេសការសេពគ្រឿងញៀន ហើយបើកបររថយន្ត គឺអាចបង្កវិនាសកម្ម និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងអាចឈានទៅដល់ការបាត់បង់អាយុជីវិតខ្លួនឯង និងអ្នកដ៏ទៃទៀតផងដែរ។
បន្ទាប់ពីឯកឧត្តមអភិបាលខេត្តព្រះសីហនុ ធ្វើការអប់រំណែនាំរួចហើយ ដោយឃើញថាក្រុមគ្រួសាររបស់អ្នកទាំងពីរ គឺមានម្ដាយចាស់ និងកូនតូចដោយមានការយោគយល់ពីស្ថានភាពគ្រួសារអ្នកទាំងពីរ ទើបឯកឧត្តមអភិបាលខេត្តសម្រេចឱ្យក្រុមគ្រួសារអ្នកបើកបររថយន្តទាំង០២នាក់នេះមកធានា និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់គ្រឿងញៀនចាប់ពីពេលនេះតទៅ ដោយក្នុងរយៈពេលនេះមិនអនុញ្ញាតឱ្យធ្វើការបើកបររថយន្តទៀតនោះទេ ហើយក្រុមគ្រួសារត្រូវយកអ្នកទាំងពីរនេះ ទៅផ្តាច់សារជាតិឱ្យជាសះស្បើយសិន ហើយក្នុងករណីអ្នកទាំងពីរនេះ មិនរាងចាលនោះទេ នោះកម្លាំងសមត្ថកិច្ចនឹងចាត់ការតាមផ្លូវច្បាប់។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថាការសេពគ្រឿងញៀនគឺនាំមកនូវក្តីវិនាស និងបំផ្លាញទ្រព្យសម្បត្តិរបស់យើង ក្រុមគ្រួសារ និងសង្គមជាតិយើងផងដែរ ហើយឯកឧត្តមសង្ឃឹមថាអ្នកទាំងពីរនេះនឹងឈប់ប្រើប្រាស់គ្រឿងញៀនពីពេលនេះតទៅ ត្រូវខំប្រឹងរកស៊ីចិញ្ចឹមគ្រួសារ ព្រមទាំងប្រកបមុខរបរឱ្យស្របច្បាប់ដែលអាចធ្វើទៅបាន។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន ៥.០០០.០០០រៀល ជូនដល់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អជាបន្តបន្ទាប់៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button