ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពត រៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែ និងផ្លូវបេតុងមួយខ្សែ ឆ្លងកាត់ឃុំចំនួន៤ និងភូមិចំនួន៨ ក្នុងស្រុកដងទង់

ផ្លូវពីរខ្សែដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកដងទង់ ខេត្តកំពត តាមរយៈឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ត្រូវបានបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង ២០គីឡូម៉ែត្រ និងផ្លូវបេតុងមួយខ្សែទៀតមានប្រវែង ៤គីឡូម៉ែត្រ ហើយផ្លូវទាំងពីរខ្សែនេះឆ្លងកាត់ឃុំចំនួន៤ និងភូមិចំនួន៨ ក្នុងស្រុកដងទង់ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងស្រុកដងទង់ប្រមាណជាង ៨០០នាក់ផងដែរ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកដងទង់ទាំងអស់ផងដែរ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តកំពតបានគូសបញ្ជាក់ថា សមិទ្ធផលផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងដែលកើតឡើងបាននាពេលនេះ គឺដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបអាចមានឱកាសក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ហើយសន្តិភាពនោះទៀតសោតគឺបានមកពីការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការស្វះស្វែងរកមកជូនជាតិ ជូនប្រជាជនដោយយកជីវិតទៅប្តូរ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេស ប្រជាជន មានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន ដូច្នេះយើងជាប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាតំលៃនៃសន្តិភាពនេះឱ្យបានគង់វង្សតទៅមុខទៀត ទោះស្ថិតក្នុងតម្លៃណាក៏ដោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button