ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ ១ខ្សែ ប្រវែង ២.៦៩៧ម៉ែត្រ ឆ្លងកាត់ឃុំចំនួន ២ ស្ថិតក្នុងស្រុកកោះសូទិន

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងនូវសេចក្តីសោមនស្សរីករាយ និងអំណរគុណ ចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍន៍ រួមមាន ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍ កសិកម្ម (IFAD) ដែលបានផ្តល់ ជំនួយឥតសំណង និងហិរញ្ញប្បទានកម្ចី ដ៏ធំធេង តាមរយៈ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន ២ នាថ្ងៃនេះ។ ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស ឯកឧត្ដមអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ ១ខ្សែ មានប្រវែង ២.៦៩៧ម៉ែត្រ ឆ្លងកាត់ឃុំចំនួន ២ ស្ថិតក្នុងស្រុកកោះសូទិន នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងការកោតសរសើរ ដល់ក្រុមការងារអនុវត្តគម្រោង របស់លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា ក្រុមការងារគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ក្នុងការអនុវត្តគម្រោងកន្លងមក ទទួលបានលទ្ធផលដ៏ធំធេង ក្នុងការជួយគាំទ្រដល់កសិករគោលដៅ ឱ្យមានជីវភាពកាន់តែល្អប្រសើរ ចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយជាតិ និងបានការគាំទ្រ ពីដៃគូអភិវឌ្ឍន៍ ឲ្យមានជំហាន២ ទៀតនៅថ្ងៃនេះ ផងដែរ។ ឯកឧត្ដម មានប្រសាសន៍ដែរថា គម្រោងខាងលើនេះ មិនមែនបានមកដោយការចៃដន្យនោះទេ តែវាពិតជាកើតឡើង ដោយការខិតខំរបស់រដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមជាមួយនឹងប្រទេស មានសុខសន្តិភាព ការខិតខំប្រឹងប្រែង របស់ក្រុមការងារគម្រោង ផងដែរ។
ឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំដល់លោកមេឃុំ ដែលជាម្ចាស់គម្រោង ត្រូវតែយកចិត្តទុកដាក់តាមដានត្រួតពិនិត្យ ឱ្យបានម៉ត់ចត់បំផុត។ រីឯក្រុមការងារគម្រោងទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងទីប្រឹក្សាបច្ចេកទេស គួរតែរៀបចំធ្វើបទបង្ហាញ ដោយសង្ចេបអំពីលក្ខណៈបច្ចេក ទេសដល់ឃុំ ដើម្បីមានសមត្ថភាពក្នុងត្រួតពិនត្យ និងតាមដាន។ ចំពោះក្រុមហ៊ុនទទួលការ ត្រូវយកចិត្តទុកដាក់អនុវត្តគម្រោង ទៅតាមបទដ្ឋានបច្ចេកទេស។
សូមបញ្ជាក់ថា គម្រោងផ្លូវក្រាលកៅស៊ូ ២ជាន់ មានប្រវែងមាន ២.៦៩៧ម៉ែត្រ គុណទទឹង ៥ម៉ែត្រ នេះ ស្ថិតនៅឃុំពង្រ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានអ្នកទទួលផល សរុប ៣.៤៥៩នាក់ ស្មើនឹង ៩៤៦គ្រួសារ។ គម្រោងអន្តរឃុំនេះ បានការគាំទ្រពីគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន ២។ កន្លងមក ក៏ដូចជា បច្ចុប្បន្ន គម្រោងបានផ្តល់នូវវឌ្ឍនៈភាព ជាច្រើនជូនប្រជាជនក្រីក្រកំរិត១ និង២ នៅក្នុងស្រុកគោលដៅចំនួន ០៥ស្រុក (កោះសូទិន ស្ទឹងត្រង់ កងមាស ជើងព្រៃ និងស្រុកបាធាយ) ស្មើនឹង ឃុំគោលដៅចំនួន ៤០។ គម្រោងអនុវត្តផ្ដោតទៅលើ ១.ការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ គាំទ្រដល់ផលិតភាពកសិកម្ម។ ២.ការពង្រឹងសមត្ថភាពក្រុមកសិករខ្នាតតូច LIG។ និង៣.ការគាំទ្រការបង្កើនផលិតភាព កសិកម្មពិពិធកម្មកសិកម្ម ភាពធន់នឹងអាកាសធាតុ ផងដែរ៕







