ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជំរុញឱ្យយុវជនត្រូវមានជំនាញបច្ចេកទេសយ៉ាងតិច១ ជាមុខរបរចិញ្ចឹមជីវិត ដើម្បីបង្កើនចំណូលក្នុងគ្រួសារ

មណ្ឌលគិរី ÷ លោកស្រី វិន សុីធួន អភិបាលរងខេត្ត តំណាងឯកឧត្តមថង សាវុន អភិបាលខេត្តមណ្ឌលគិរីបានថ្លែងបែបនេះនៅក្នុងពិធីបើកបវេសនការ ឆ្នាំសិក្សា ២០២១-២០២២ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២២ ដោយមានការអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរ តំណាងអាជ្ញាធរក្រុង សង្កាត់ លោកគ្រូអ្នកគ្រូ សិស្សនិស្សិតនៃមជ្ឈមណ្ឌល ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។
លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ បង្កើនចំណូលគ្រួសារ នឹងឆ្លើយតបចំពោះតម្រូវការទីផ្សារការងារដែលកំពុងខ្វះខាតនៅក្នុងខេត្តមណ្ឌលគិរី។ លោកបន្តថា យុវជនមួយចំនួន មិនសូវឲ្យតម្លៃទៅលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះទេ ក៏ប៉ុន្តែធាតុពិត ការបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ បានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ដូចជាការចំណេញពេលវេលាសិក្សា រៀនដោយឥតគិតថ្លៃ ងាយស្រួលរកការងារធ្វើ ឬ ប្រកបអាជីពខ្លួនឯង និងទទួលបានប្រាក់ចំណូល ប្រាក់ខែខ្ពស់ ជាដើម។ លោកប្រធានមន្ទីរ ក៏បានសំណូមពរឲ្យសិស្សនិស្សិតទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ទាំងទ្រឹស្ដីនិងការអនុវត្តផ្ទាល់ ដើម្បីទទួលបានចំណេះជំនាញពិតប្រាកដ ត្រូវចូលរួមគោរពវិធានការការពាររបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល និងត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា។
ថ្លែងក្នុងឱកាសបើកបវេសនការឆ្នាំ ២០២១-២០២២ លោកស្រី វិន សុីធួន អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងកោតសរសើរដល់លោកគ្រូអ្នកគ្រូ និងថ្នាក់ដឹកនាំមជ្ឈមណ្ឌល ក៏ដូចជាមន្ទីរ ដែលបានខិតខំប្រឹងប្រែង ផ្ដល់ចំណេះជំនាញ ដល់សិស្ស និស្សិត តាមរយៈការបង្ហាត់បង្រៀនផ្ទាល់ និង ការបង្រៀន អនឡាញ ក្នុងបរិបទនៃការរាលដាលជំងឺកូវីដ-១៩។ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជននិងជនងាយរងគ្រោះ បានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុក និងកាត់បន្ថយការពឹងផ្អែកទៅលើអនុផលព្រៃឈើ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ ព្រមទាំងបង្កើនចំណូលគ្រួសារ។ លោកស្រីអភិបាលរងខេត្ត បានបញ្ជាក់ថា យុវជន ចាំបាច់ត្រូវតែមានជំនាញមួយពិតប្រាកដ ដើម្បីជា មុខរបរចិញ្ចឹមជីវិត ហើយដើម្បីបានជំនាញពិតប្រាកដ ក្មួយៗសិស្សនិស្សិត ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ យកចិត្តទុកដាក់ស្ដាប់ការពន្យល់ណែនាំរបស់លោកគ្រូអ្នកគ្រូ ព្យាយាមអនុវត្តពេលចុះកម្មសិក្សា។ លោកស្រី វិន ស៊ីធួន ក៏បានផ្ដាំផ្ញើដល់សិស្ស និស្សិត ទាំងអស់ ត្រូវធ្វើជាគំរូល្អ ជាទំពាំងល្អសម្រាប់ គ្រួសារ សង្គម និងត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងសូមចូលរួមអនុវត្តវិធានការ ៣ ការពារ ៣កុំ និងត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា ដើម្បីការពារខ្លួននិងក្រុមគ្រួសារពីការឆ្លងជំងឺកូវីដ-១៩។
តាមរបាយការណ៍លោក កោ គឹមអាន ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ឆ្នាំសិក្សា ២០២១-២០២២ នេះ មានសិស្សនិស្សិតសរុបចំនួន ៩០ នាក់ ស្រី ៥៣នាក់ សិស្សកម្រិតជាន់ខ្ពស់បច្ចេកទេសមានចំនួន ២៥ នាក់ សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ១ ចំនួន ៨នាក់ កម្រិត២ ចំនួន ១៥ នាក់ និងកម្រិត ៣ ជំនួន ៧ នាក់ ក្រៅពីនេះ មានថ្នាក់កុំព្យូទ័រ អ៊ុតសក់ផាត់មុខ ជួសជុលម៉ូតូនិងថ្នាក់ស្ពានចម្លង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button