ព័ត៌មានជាតិ

ខេត្តប៉ៃលិន ប្រារព្ធពិធីអ​បអរសាទរខួបលើកទី១៧ ​ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា

(ប៉ៃលិន)៖ នៅស្នង​ការដ្ឋាននគរបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម​នា​យឧត្តមសេនីយ៍ អុី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកម្មពិសេស និងជាប្រធាន​ក្រុមការងាររា​ជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរ​សាទរខួប​លើ​កទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ដោយមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអតីតយុទ្ធជន ប្រមាណជាង ៧០០នាក់ ។

បន្ទាប់ពីលោក អ៊ិត ពេន ប្រ​ធានមន្ទីរសង្គមកិច្ច និងអតីត​យុទ្ធជនខេត្ត អាន​សារលិខិតរបស់ស​ម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា ក្នុងឱកាសអ​បអរសាទ​រខួបលើកទី១៧ ទិវាអតីត​យុទ្ធជនកម្ពុជា ២១ មិថុនា រួចមក ឯកឧត្តម​នាយឧត្តមសេនីយ៍ អុី​ ឈាន បានមា​នប្រសាសន៍​លើកឡើងថា៖ ការប្រារព្ធទិវាអតីត​យុទ្ធជនកម្ពុជានេះ ក្នុងគោលបំ​ណងរំឭក​ដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំ​ធេងរបស់អតីតយុទ្ធជន​ដែលបានធ្វើ​ពលិកម្មយ៉ាងអ​ង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងការរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជ សាសន៍ ប៉ុល ពត ហើយ​ការប្រារព្ធទិវានេះ ក៏បង្ហាញឱ្យឃើញអំពីគុណូប​ការៈរបស់អតីតយុ​ទ្ធជន​ក្នុងការលះបង់ ប្ដេជ្ញា និងមានឆន្ទៈមោះមុតក្នុងការស្នេហាជាតិមាតុភូមិ ការពារបូរណភាពទឹកដី កសាងសន្តិភាព និងស្ថិរភាពសង្គមសំដៅដល់ការធានា ឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រ​យោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បន្តថា៖ លើសពីនេះ ការប្រារព្ធទិវា ក៏បង្ហាញឱ្យ​ឃើញអំ​ពីការគិតគូរ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការតបស្នងសងគុណដល់អតីតយុទ្ធជន ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយ កម្លាំងចិត្ត សាច់ស្រស់ និងឈាម ស្រស់ក្នុងការប្រ​យុទ្ធតស៊ូ ប្តូរផ្តាច់ និងពលិកម្មដើម្បីដណ្ដើមយកសុខសន្តិភាព ស្ថិរភាពសង្គមជូន ជាតិមាតុភូមិ និងប្រជាជន​កម្ពុជា ព្រមទាំងចង់ឱ្យអ្នកជំនាន់ក្រោយយកគំរូតាមអតីតយុទ្ធជន ក្នុងការបន្តរក្សា សុខសន្តិភាព ស្ថិរភាពសង្គម និងជួយបន្តឆន្ទៈមនសិការស្នេហាជាតិ ដោយរួមចំណែ​កក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

នៅក្នុងឱ​កាសនោះផងដែរ ឯកឧត្តម អុី ឈាន ក៏​បានមានប្រសាសន៍បញ្ជាក់ថា៖ ផ្អែកលើគុណបំ​ណា​ច់ខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់​យ៉ាងខ្លាំងដល់អតីតយុទ្ធជន ពិសេសកា​រដាក់ឱ្យអ​នុវត្តគោលនយោបាយជាតិចំពោះអតីតយុទ្ធជន ដោយយកចិត្តទុក ដាក់ដោះស្រា​យជីវភា​ពតាមរយៈការផ្តល់ជាថវិកា និងសម្ភារៈជាបន្តបន្ទាប់ ហើយបច្ចុប្បន្នអតីតយុទ្ធជនចំនួន ១០៩,០៣​៤នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន១៤៩,០៥៣នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ ដែលប្រាក់របបនេះត្រូវបានកែសម្រួលជាបន្តបន្ទាប់ ដោយផ្អែកតាមកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានស​មាគមអតីត​យុទ្ធជន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្ដោតការយកចិត្តទុកដាក់ និងផ្ដល់នូវ​ការ​គាំពារជាបន្ដបន្ទាប់ដល់អតីតយុទ្ធជនកម្ពុជា ដើម្បីជាការតបស្នងនូវអ្វី​ដែលអតីតយុទ្ធជន​បានលះ​បង់​សម្រាប់មនុស្សជំនាន់ក្រោយ។

បើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្ត និងជាប្រធា​នសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន បានឱ្យដឹងថា៖ បច្ចុប្បន្ននេះ សមាគមអតីត​យុទ្ធជន​កម្ពុជា​ខេត្តប៉ៃលិនមានសមាជិកចំនួន ១,៤៣១នាក់ ស្រី ១៩៨នាក់ ដោយក្រុងប៉ៃលិនមានចំនួន ៩៤១នាក់, ស្រីចំ​នួន១៣៨នាក់ និងស្រុកសាលាក្រៅមានចំនួន ៤៩០នាក់, ស្រីចំនួន ៦០នាក់ ក្នុងនោះ ជនពិការចំនួន ៨១១ នាក់, ស្រីចំនួន ២១នាក់ និវត្តជនចំនួន ៤៤៦ នាក់, ស្រីចំនួន ១៨នាក់ ជនបាត់ប​ង់សមត្ថភាពការងារចំនួន ១៥ នាក់, ស្រីចំនួន ០០នាក់ គ្រួសារជនពលី ចំនួន ១២៩ នាក់, ស្រីចំនួន ១២៩នាក់ គ្រួសារជនមរណៈចំនួន ៣០ នាក់, ស្រីចំនួន ៣០នាក់ មុខសញ្ញាមានដី គ្មានផ្ទះចំនួន ០៤ គ្រួសារ និងមានដី មានផ្ទះមិនសមរម្យចំនួន ០៦ គ្រួសារ ហើយដោយមា​នការឧ​បត្ថម្ភពីសប្បុរសជន សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នឹងសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងឆ្នាំ២​០២៤ ចំនួន ៥ខ្នង និងនៅឆ្នាំ២០២៥ ចំនួន ៥ខ្នង ដោយមួយខ្នងៗតម្លៃ ៤៥០០ដុល្លា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button