ព័ត៌មានជាតិ

រដ្ឋបាលខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋខ្វះខាត ចំនួន៥០គ្រួសារ នៅស្រុកកែវសីមា ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមានផ្ទៃពោះ សរុបចំនួន ៥០គ្រួសារ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាកក្រីក្រងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនរើសអើងប្រកាន់វណ្ណៈជាតិសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លើសពីនេះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ការពារសុខភាពឲ្យបានល្អ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ត្រូវប្រយ័ត្នចំពោះភ្លើង ធូបទៀនផ្សេងៗ ដែលជាហេតុបណ្ដាលឲ្យមានអគ្គីភ័យកើតឡើង ព្រោះរដូវនេះជារដូវប្រាំង ហើយត្រូវចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍ ៣កុំ និង៣ការពារទាំងអស់គ្នា។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកបរិសុទ្ធ ១យួរ ក្រមា១ សាប៊ូលាងដៃ ២ដុំ ជែលលាងដៃ១ដប ម៉ាស់៥ និងថវិកាចំនួន ២០,០០០រៀល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button