ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង២៥០០ម៉ែត្រ ក្នុងស្រុកព្រះនេត្រព្រះ
(បន្ទាយមានជ័យ) ផ្លូវក្រាលបេតុងចំនួន១ខ្សែប្រវែង២៥០០ម៉ែត្រ ស្ថិតនៅក្នុងឃុំឈ្នួលមានជ័យ ស្រុកព្រះនេព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារអន្តរក្រសួង (មានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអនុវត្តដោយក្រសួងការពារជាតិ) អមដំណើរដោយលោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនា នាចុងសប្តាហ៍នេះ ។
លោក ជា យុទ្ឋារុណ បានមានប្រសាសន៍ថា៖ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង២៥០០ម៉ែត្រ ទទឹង៧ម៉្រែត កម្រាស់០,២ម៉្រែត ចិញ្ចឹមផ្លូវសងខាងក្រៅដីល្បាយគ្រោះ ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់០,២ម៉ែត្រ សាងសង់លូមូលមុខពីរចំនួន១កន្លែង និងលូមូលមុខមួយចំនួន១កន្លែងស្ថិតនៅភូមិឈ្នួរ ទៅភូមិបន្ទាត់បោះ ឃុំឈ្នួលមានជ័យ ស្រុកព្រះនេព្រះ អនុវត្តដោយ បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក(ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា)ប្រើប្រាស់ថវិកាជំពូក២១។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះ ឈ្នះ, បិតាស្ថាបនិកសន្តិភាព និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត និងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមេត្តាកុំចាញ់បោកតាមការឃោសនា ញុះញង់ បោកបញ្ឆោតរបស់ក្រុមជនអគតិមួយក្តាប់តូច ដែលបានធ្វើការចោទប្រកាន់រាជរដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) និងសូមជឿជាក់លើ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានធ្វើការកោធសរសើរនិងវាយតម្លៃចំពោះលោក.លោកស្រី ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ជាពិសេសបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដែលបានសហការគ្នាធ្វើការស្ថាបនាផ្លូវបេតុងនេះឡើងចេញជារូបរាងដើម្បីបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ទន្ទឹមជាមួយគ្នានោះឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ សូមជួយថែទាំផ្លូវទាំងនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋយើងនៅមូលដ្ឋានផងដែរ៕