ច្បាប់ និងអក្សរសាស្រ្តព័ត៌មានជាតិ

ការចរចាត្រីភាគីលើប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត ហាក់នៅឆ្ងាយពីក្តីរំពឹងរបស់កម្មករនិយោជិត

ភ្នំពេញៈ ការចរចាត្រីភាគីលើប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ លទ្ធផលហាក់នៅឆ្ងាយពីក្តីរំពឹងរបស់កម្មករនិយោជិត ខណៈដែលភាគីនិយោជក កំណត់តួរលេខត្រឹម ២០១,៥ដុល្លារ ឯភាគីរាជរដ្ឋាភិបាល លើកឡើងនូវតួលេខត្រឹមតែ ២០២ដុល្លារប៉ុណ្ណោះ។

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួន ដើម្បី ពិភាក្សាលើការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។ កិច្ចប្រជុំនាព្រឹកនេះ មានកិច្ចពិភាក្សាចំនួន៣លើកផ្សេងគ្នា ដោយ មានកិច្ចប្រជុំផ្ទៃក្នុងតំណាងភាគីនិយោជិតចំនួន១លើក និងកិច្ចប្រជុំត្រីភាគីចំនួន២លើក។ ភាគីទាំងពីរបាន បន្តពិភាក្សា និងពន្យល់គ្នាទៅវិញទៅមកលើគោលជំហររបស់ខ្លួន ហើយតំណាងភាគីរាជរដ្ឋាភិបាលបានបន្តសម្របសម្រួល និងពន្យល់បន្ថែមពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។

ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតបានដាក់គោលជំហរចុងក្រោយរបស់ខ្លួន ចំនួនពីរផ្សេងគ្នាគឺ តួលេខ ២០៤ដុល្លារអាមេរិក មានសំឡេងគាំទ្រ១២ លើ១៧នាក់ និងតួលេខ ២១៣ដុល្លារអាមេរិក មានសំឡេងគាំទ្រ ៥ លើ១៧នាក់ ឯភាគីតំណាងភាគីនិយោជក បានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន ២០១,៥ដុល្លារអាមេរិក និងតំណាងភាគីរាជរដ្ឋាភិបាល បានលើកឡើងនូវតួលេខចំនួន ២០២ដុល្លារអាមេរិក។

គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន១៩លើក ដែលរួមមាន កិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន៨លើក កិច្ចប្រជុំលក្ខណៈទ្វេភាគីចំនួន២លើក និងកិច្ចប្រជុំត្រីភាគីចំនួន ៩លើក។

យ៉ាងណាក្តី លទ្ធផលចុងក្រោយបំផុត នៃការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ នឹងត្រូវសម្រេចនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។

អត្ថបទ និងរូបភាពដោយ៖ ឡេង ប៊ុនឈែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button