ឯកឧត្តម សុខ លូ ៖ ខេត្តបាត់ដំបង គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ នៅផ្នែកខាងកើតស្ទឹង និងផ្នែកខាងលិចស្ទឹង ថែមទៀត
![](https://firstnewsexpress.com/wp-content/uploads/2022/02/273770807_306378694857480_5470355069052602596_n-780x470.jpg)
ខេត្តបាត់ដំបង៖ក្នុងពីធីក្រុងពាលី បញ្ចុះបឋមសិលាបើកកាដ្ឋានអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបង ផ្នែកខាងលិចស្ទឹង នៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ដោយសារការអភិវឌ្ឍទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធប្រឡាយទឹក សំណង់អគារ លំនៅឋាន ព្រមទាំងកំណើនប្រជាជន ដែលរស់នៅក្នុងក្រុងបាត់ដំបង ក៏ដូចជាប៉ែកខាងលិចស្ទឹង មានការកើនឡើងយ៉ាងឆាប់រហ័ស ធ្វើឱ្យបញ្ហាចោទឡើងពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងទឹកកខ្វក់ សំណល់ ដែលជាកង្វល់ដ៏ធំមួយទាមទារ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការដោះស្រាយទាន់ពេលវេលា និងចំគោលដៅ ។
ឯកឧត្តម បានបន្តថា ខេត្តបាត់ដំបងយើងមានគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ ថែមទៀត គឺនៅផ្នែកខាងកើតស្ទឹងនិងផ្នែកខាងលិចស្ទឹង។ឯកឧត្តមបានបញ្ជាក់ថា ដើម្បីចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហានេះក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត បានដាក់ចេញផែនការសកម្មភាពក្នុងការគ្រប់គ្រង ទៅលើទឹកកខ្វក់ តាមរយៈកិច្ចសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការរៀបចំប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធលូទឹកភ្លៀងដាច់ដោយឡែកពីគ្នា និងបង្កើតអាងប្រព្រឹត្តកម្មទឹកកខ្វក់ ឱ្យបានសមស្រប ដើម្បីប្រមូលនិងធ្វើប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ ។
ឯកឧត្តម បានបន្ថែមទៀតថា ការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នេះ តម្រូវឲ្យមានការជីកកាយដី ការដឹកជញ្ជូនសម្ភារៈចាំបាច់នានា សម្រាប់ការសាងសង់បំពង់មេ បំពង់មេរង បំពង់បូមបញ្ជូន ប្រឡាយជាដើម ដូចនេះសូមប្រជាពលរដ្ឋមានការយោគយល់ អធ្យាស្រ័យ ចំពោះការរំខានទាំងនេះ ព្រោះជាធម្មតាដំណើរការសាងសង់ ឬអភិវឌ្ឍន៍អ្វីមួយតែងតែធ្វើឲ្យមានផលរំខានដល់ប្រជាពលរដ្ឋជាក់ជាមិនខាន៕