វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក
![](https://firstnewsexpress.com/wp-content/uploads/2023/09/photo_2023-09-08_10-53-38-780x470.jpg)
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឯកឧត្តម បណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់ អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូតូច និងមធ្យម (ភូមិ១ផលិតផល១)។ វេទិកានេះធ្វើឡើងចាប់ពី ថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨:០០ – ២២:០០ នៅផ្សារប៊ីកស៊ី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ពាណិជ្ជកម្មខេត្ត អង្គភាព ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្តផងដែរ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានមានប្រសាសន៍ថា វេទិកា google រវាងអ្នកផលិត និងអ្នកទិញ គឺបានចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រ គឺការគៀងគោសក្តានុពលសេដ្ឋកិច្ចក្នុងស្រុកនៃផលិតផល និងសេវាកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន។ OVOP ធ្វើការជាមួយអ្នកផលិតក្នុងស្រុក/MSMEs/SMEs, ACs និងសមាគមធុរកិច្ច ដើម្បីបង្កើនគុណភាព និងទីផ្សារនៃផលិតផលក្នុងស្រុក។ យើងធ្វើការលើការកសាង បណ្តាញទីផ្សារ ដើម្បីអោយប្រទាក់ក្រឡាគ្នារវាងអ្នកផលិត និងអ្នកទិញយកទៅប្រើប្រាស់ កែច្នៃវេចខ្ចប់ ផលិតផលក្នុងស្រុក ដើម្បីលក់បន្ត និងឈានទៅការនាំចេញ។ លើសពីនេះ យើងទាក់ទងជាមួយអាជ្ញាធរ និង សា្ថប័នពាក់ព័ន្ធ ដើម្បីកសាងបរិយាកាសអំណោយផលសម្រាប់ផលិតផលក្នុងស្រុកឱ្យរីកចម្រើន។ នេះនាំឱ្យមាន ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងប្រទេស។
ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជុំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា៖ «គណៈកម្មាធិការជាតិ និងគណៈកម្មាធិការខេត្ត–រាជធានីជុំរុញចលនាភូមិមួយផលិតផលមួយ មានសេចក្តីរំភើបរីករាយ ការដឹកនាំគំនិតផ្ដួចផ្ដើម ឱ្យមានជំនួបរវាងផលិតផល និងអ្នកទិញ ដ៏មានសារៈសំខាន់នេះ ដែលមានគោលបំណងកាត់បន្ថយកុំលាតរវាងអ្នកផលិតក្នុងស្រុក និងអ្នកទិញសក្តានុភាព ប្រកបដោយប្រសិទ្ធភាព និងសុច្ចរិតភាព។
ឯកឧត្តមបណ្ឌិតបានបន្តថា : តាមរយៈការបង្កើតយន្តការតភ្ជាប់បណ្ដាញប្រទាក់ក្រឡាគ្នាប្រកបដោយអត្ថន័យ ពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើម អ្នកកែច្នៃវេចខ្ចប់ អ្នកប្រមូលផ្ដុំផលិតផល (ពីកសិដ្ឋានរហូតដល់តុបាយ ពីសិប្បកររហូតដល់អ្នកប្រើប្រាស់) ហើយពួកគាត់អាចសិក្សាស្វែងយល់ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក។ ណែនាំអ្នកផលិតទៅកាន់ទីផ្សារ ដោះស្រាយបញ្ហាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការចុះបញ្ជីឬច្បាប់គតិយុត្តិផ្សេងៗ និងជំរុញឱកាសពាណិជ្ជកម្ម ឱ្យកាន់តែមានទំនុកចិត្ត និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃខេត្តបន្ទាយមានជ័យ និងប្រទេសកម្ពុជាទាំងមូល និងបង្កើនកម្រិតជីវភាពរបស់សហគមន៍មូលដ្ឋានផងដែរ។
ជាចុងបញ្ចប់ នៃកម្មវិធីគណៈអធិបតីក៏បាន អញ្ជើញទស្សនានូវការតាំងផលិតផលនានា ដែលមានដូចជា សំលៀកបំពាក់ ក្រម៉ាសូត្រខ្មែរ ចំណីអាហារកែច្នៃ ភេសជ្ជៈ ស្រាផ្លែឈើ ស្រាផ្លែមាន ផលិតផលកសិកម្ម ចម្លាក់ សិល្បៈ និងរបស់ប្រើប្រាស់ផ្សេងៗប្រចាំថ្ងៃផងដែរ៕