យុទ្ធនាការដាំដើមឈើជាលើកទី៦ នៅក្នុងភូមិសាស្រ្តព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖កូនឈើចម្រុះចំនួន៣.០៣០ដើម ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យដឹកនាំ ដោយឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងមានការ ចូលរួមពីមន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងទាំង៣ អង្គភាព

ខេត្តបន្ទាយមានជ័យ៖កូនឈើចម្រុះចំនួន៣.០៣០ដើម ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យដឹកនាំ ដោយឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងមានការ ចូលរួមពីមន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងទាំង៣ អង្គភាព រួមមាននគរបាល អាវុធហត្ថ និងយោធា រួមនឹងយុវជនផងដែរសរុបចំនួន៥៣៧នាក់ បន្តយុទ្ធនាការចុះដាំ ជាលើកទី៦ នៅក្នុងភូមិសាស្រ្តព្រៃលិចទឹកក្នុងដែនជម្រកព្រៃពងកូន នៅចំណុចអូរតាឈិតនិងអូរចារភូមិកំពង់ក្រសាំង និងភូមិក្របៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ។
សម្រាប់កូនឈើចម្រុះចំនួន៣.០៣០ដើម/គ្រាប់ដែលត្រូវបានយកមកដាំនោះរួមមាន ដើមឬស្សី ៥៦០ដើម ,រាំងទឹក ៦៧០ដើម និងគ្រាប់ត្នោតចំនួន១.៨០០គ្រាប់។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអរគុណ ចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ អាជ្ញាធរដែនដីគ្រប់ថ្នាក់ យុវជន ដើម្បីរួមចំណែកដាំឈើឡើងវិញការពារធនធានធម្មជាតិ ព្រៃលិចទឹកសាបរបស់យើង តាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
អភិបាលខេត្តបន្ទាយមានជ័យ បន្តថា ការដាំកូនឈើឡើងវិញនេះគឺដើម្បីបង្ហាញពីការចូលរួមទាំងអស់គ្នាក្នុងការចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានខុសច្បាប់ដីតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប ៕