នគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន
ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យចំនួន០២នាក់ ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យចំនួន០២នាក់ ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា៖បន្ទាប់ពីប្រជាពលរដ្ឋល្អ បានផ្តល់ព័ត៌មានថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវជាតិលេខ៦ ក្បែរស្ពានទី២ ស្ថិតក្នុងភូមិសាស្ត្រភូមិកំពង់ស្វាយ សង្កាត់កំពុង់ស្វាយ ក្រុងសិរីសោភ័ណ និងទទួលបាននូវបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ផងនោះលោកបានដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញ ប្រឆាំងគ្រឿងញៀន ចុះប្រតិបត្តិការដល់ទីតាំងខាងលើដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ មានឈ្មោះ វ៉ុន ពិសី ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិព្រៃប្ញស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ជាមុខសញ្ញាជួញដូរនិងឈ្មោះ ឡាយ ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជាមួយគ្នា ជាមុខសញ្ញាប្រើប្រាស់។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បញ្ជាក់ថា៖ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះ សមត្ថកិច្ចដកហូតវត្ថុតាង និងសម្ភារៈជាក់ស្តែងមាន៖ម្សៅក្រាមពណ៌សថ្លា ចំនួន០២កូនថង់ទម្ងន់៣៧.៧៣ក្រាមថ្លឹងទាំងសំបកនិងទូរសព្ទដៃ០១គ្រឿងផងដែរ។
លោកបញ្ជាក់ទៀតថា៖ដោយឆ្លងតាមការសាកសួរចម្លើយ ជនសង្ស័យឈ្មោះ វ៉ុន ពិសី បានសារភាពថា៖រូបគេធ្លាប់ប្រករបររកស៊ីជួញដូរគ្រឿងញៀននេះ រយៈពេល០៣ឆ្នាំមកហើយ គឺរកស៊ីនៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។ដោយ ផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែងនោះ ជនសង្ស័យទាំង០២នាក់ កម្លាំងនគរបាលជំនាញ បានបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី៕