ឯកឧត្តម អ៊ុន ចាន់ដា ៖ ការបោះជំរំយុវជន ជាកិច្ចការហ្វឹកហាត់ដ៏សំខាន់ ក្នុងការងារអប់រំ ពីព្រោះវាបានធ្វើឱ្យយុវជន អភិវឌ្ឍជំនាញទន់របស់ខ្លួន
ខេត្តកំពង់ចាម៖ការបោះជំរំយុវជន ជាកិច្ចការហ្វឹកហាត់ដ៏សំខាន់ ក្នុងការងារអប់រំ ពីព្រោះថា ការងារបោះជំរំនេះ ធ្វើឱ្យយុវជន អភិវឌ្ឍជំនាញទន់របស់ខ្លួន ដោយឱ្យក្មួយៗចេះសង្កេត ចេះពិចារណា ចេះបង្កើន ស្មារតីធ្វើការងារជាបុគ្គលជាក្រុម ចេះធ្វើសេចក្តីសម្រេចចិត្ត ជាសមូហភាព និងជាបុគ្គលចេះទទួលខុសត្រូវ ក្នុងស្មារតីមិត្តភាព សាមគ្គីភាព។

ខេត្តកំពង់ចាម៖ការបោះជំរំយុវជន ជាកិច្ចការហ្វឹកហាត់ដ៏សំខាន់ ក្នុងការងារអប់រំ ពីព្រោះថា ការងារបោះជំរំនេះ ធ្វើឱ្យយុវជន អភិវឌ្ឍជំនាញទន់របស់ខ្លួន ដោយឱ្យក្មួយៗចេះសង្កេត ចេះពិចារណា ចេះបង្កើន ស្មារតីធ្វើការងារជាបុគ្គលជាក្រុម ចេះធ្វើសេចក្តីសម្រេចចិត្ត ជាសមូហភាព និងជាបុគ្គលចេះទទួលខុសត្រូវ ក្នុងស្មារតីមិត្តភាព សាមគ្គីភាព។ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាមួយលោកជំទាវ ស្រូយ សុជាតិ អគ្គនាយិកា នៃនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ជាអធិបតីក្នុងពិធីបោះជំរំ យុវជនខេត្តកំពង់ចាមក្រោមប្រធានបទ «ការអភិវឌ្ឍសមត្ថភាពយុវជន ផ្នែកបច្ចេកវិទ្យា ក្រោមម្លប់សន្តិភាព» ដែលរៀបចំនៅបរិវេណវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្រុកជើងព្រៃ កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។
ក្នុងនោះឯកឧត្ដមអភិបាលខេត្ត ក៏បានដាស់តឿន ដល់ក្មួយៗជាយុវជន ទាំងអស់ ឲ្យបន្តការខិតខំកសាងស្នាដៃឆ្នើមក្នុងចលនា ៣ល្អ គឺ«កូនល្អ សិស្សល្អ មិត្តល្អ» ហើយត្រូវយល់ថា ការប្រពឹត្តអំពើល្អ របស់ក្មួយៗ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី ទប់ស្កាត់រាល់ភាពអសកម្មទាំងឡាយណា ដែលបង្កការរាំងស្ទះ ដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ ដោយការធ្វើជាគំរូទាំងលើការសិក្សា ទាំងការរស់នៅដោយប្រកាន់ខ្ជាប់ និងចងចាំថា ក្នុងជីវិតយុវវ័យដូចក្មួយៗ ត្រូវកសាងជីវិតឲ្យល្អ ស្រស់ត្រកាលក្នុងថ្នាលសិក្សា ដើម្បីយកវិជ្ជាមកបម្រើក្នុងមាគ៌ាអភិវឌ្ឍប្រទេសជាតិ ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា បានអំពាវនាវ ដល់ក្មួយៗយុវជន ជាទំពាំងស្នងឬស្សី ត្រូវជៀសវាង ឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងពាលា ដែលសង្គមជាតិស្អប់ខ្ពើម ហើយត្រូវចេះជួយអប់រំមិត្តភ័ក្រ និងធ្វើជាគំរូ ក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពខ្លួនឯងផង ក្រុមគ្រួសារ មិត្តភ័ក្រ និងសង្គមជាតិទាំងមូល ផងដែរ ។
ជាមួយគ្នានោះ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការបោះជំរំយុវជន ជាកម្មវិធីអភិវឌ្ឍន៍ និងបង្កើនសកម្មភាពយុវជន ដែលមិនអាចខ្វះបាននៅក្នុងការងារអប់រំ ពីព្រោះ ការបោះជំរំនេះ ធ្វើឲ្យយុវជនចេះសង្កេត ចេះពិចារណា ដោយបង្កើនស្មារតី ធ្វើការងារជាក្រុម ធ្វើសេចក្តីសម្រេចចិត្ត ចេះស្រឡាញ់ថែរក្សា និងការពារបរិស្ថាន និងបុគ្គល ប្រកបដោយការទទួលខុសត្រូវ ក្នុងស្មារតីពង្រឹងមិត្តភាព និងសាមគ្គីភាព៕