ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល ៖ ផ្លូវបេតុងអាមេប្រវែង៨០០ម៉ែត្រ ស្ថិតនៅភូមិស្លាបតាអោនឃុំគគីរ ស្រុកកៀនស្វាយ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

(ខេត្តកណ្តាល)៖ រសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេប្រវែង៨០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានលើកឡើងថា៖ ផ្លូវបេតុងនេះ ជាសមិទ្ធិផលថ្មីមួយទៀតនៅក្នុងស្រុកកៀនស្វាយ សម្រាប់បំរើដល់សេចក្តីត្រូវការក្នុងការធ្វើដំណើរ ដឹកជញ្ជូនរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ដែលពីមុនផ្លូវនេះជាផ្លូវលំដី មានការលំបាកក្នុងការធ្វើដំណើរ និងដើម្បីលើកកម្ពស់ផាសុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីត ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព។
ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ, ការកសាងស្ពាន ផ្លូវ ប្រព័ន្ធធារាសាស្រ្ត ការតភ្ជាប់បណ្តាញអគ្គីសនី បណ្តាញទឹកស្អាត ជាដើម គឺជាការងារអទិភាពនៅនឹងមូលដ្ឋានរបស់ប្រជាពលរដ្ឋ, ទីណាមានការលំបាក ទីនោះមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលតាមរយៈមន្រ្តីរដ្ឋាភិបាលដែលកំពុងរស់នៅ និងបំរើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមបានបន្ថែមថា៖ យើងមានឱកាសកសាង អភិវឌ្ឍន៍ភូមិ ឃុំរបស់យើងអោយរីកចំរើនទៅបាន គឺដោយគុណបំណាច់នៃកត្តាសុខ សន្តិភាព ស្ថេរភាពសង្គម ដែលថ្នាក់ដឹកនាំយើងរកបានដោយលំបាកនាអតីតកាល។ ដូច្នេះ យើងត្រូវរួមគ្នាថែរក្សានូវសុខ សន្តិភាពនេះអោយបានគង់វង្ស ស្ថិតស្ថេរ បន្តដល់កូនចៅជំនាន់ក្រោយៗ របស់យើងទៀត​។ ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការនៅគ្រប់មន្ទីរវិស័យ ត្រូវយកចិត្តទុកដាក់លើបញ្ហាជីវភាពរស់នៅ សុខមាភាព និងការបំរើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អ មានការទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា៖ ផ្លូវបេតុង ១ខ្សែនេះ មានប្រវែង ៨០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ កសាងដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button