ព័ត៌មានជាតិ

អភិបាលក្រុងប៉ោយប៉ែត អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គសិក្សា និងប្រគល់ប័ណ្ណសរសើរ ដល់សិស្សដែលរៀនពូកែ មានវិន័យល្អ ក្នុងវិទ្យាល័យនៃអង្គការ Fra

ខេត្តបន្ទាយមានជ័យ:លោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គសិក្សា និងប្រគល់ប័ណ្ណសរសើរ ដល់សិស្សដែលរៀនពូកែ មានវិន័យល្អ ក្នុងវិទ្យាល័យនៃអង្គការ Fra ស្ថិតនៅក្នុងភូមិប្រជាធម្ម  សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។វិទ្យាល័យនេះ បានកើតឡើងតាំងពីឆ្នាំ២០១៦មក រហូតមកដល់បច្ចុប្បន្ននេះមានសិស្សានុសិស្សសរុបជាង៦០០នាក់។

 

លោកស្រី យុាំង អួយលីន ដែលជានាយិកាគ្រួសារកុមារអភិវឌ្ឍន៍ ហៅកាត់ Fra លើទឹកដីនៃកោះតៃវ៉ាន់បានមានប្រសាសន៍ថា លោកស្រី គឺជានាយិកាប្រចាំនៅកម្ពុជារយៈពេល៣០ឆ្នាំមកហើយ  ហើយអង្គការFra  ជាអង្គការមនុស្សធម៌ ស្រឡាញ់វិស័យអប់រំ វិស័យពុទ្ធសាសនា ព្រមទាំងបានជួយដល់បងប្អូនប្រជាពលរដ្ឋ ជួបនូវការលំបាក ទទួលរងគ្រោះធម្មជាតិ និងទីទាល់ក្រ។

 

លោកស្រីបានបន្តថា ដោយមានការអាណិតស្រឡាញ់ដោយស្មោះ ពីប្រជាជនតៃវ៉ាន់ មកលើប្រជាជនកម្ពុជា លោកស្រីបានខិតខំរិះរកមូលនិធិពីបងប្អូនសប្បុរសជននានា ដែលរស់នៅលើទឹកដីនៃកោះតៃវ៉ាន់ និងគោលបំណងជួយជ្រោមជ្រែង លើកស្ទួយពិសេសវិស័យអប់រំសិក្សា ដែលជាកត្តាសំខាន់សម្រាប់ធនធានមនុស្ស។ហើយនៅថ្ងៃនេះផងដែរលោកស្រី សប្បាយចិត្តជាខ្លាំងដែលបានឃើញសិស្សានុសិស្ស ខិតខំសិក្សារៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រសើរ ទោះបីជារយៈពេលកន្លងមកប្រទេសកម្ពុជាបានទទួលរងនូវវិបត្តិកូវីដ១៩ ក៏ដោយ ក៏ប្អូនៗសិស្សានុសិស្សខិតខំរៀនសូត្រ តាមប្រព័ន្ធអនឡាញ ឬប្រព័ន្ធZoom។

 

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍កោតសរសើរ និងថ្លែងនូវអំណរគុណចំពោះសន្តានចិត្តដ៏ល្អ ចំពោះអង្គការFra ដែលបានចំណាយថវិកា ជាច្រើន មកជួយដល់កម្ពុជា នេះគឺជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយទ្រទ្រង់និងវិស័យអប់រំ ដែលជាវិស័យអាទិភាពចម្បងជាងគេ។លោក គាត ហ៊ុល បានបន្តផ្តាំផ្ញើដល់ប្អូនៗ និងសិស្សានុសិស្សទាំងអស់បន្តខិតខំរៀនសូត្រ គ្មានក្មេងទំនើងបងតូចបងធំ និងសុំឆ្លើយថាទេចំពោះគ្រឿងញៀន៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer